ថ្នាក់ដឹកនាំរុស្ស៊ីទៅដល់កូរ៉េខាងជើងហើយ
ព្យុងយ៉ាង ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានធ្វើដំណើរទៅដល់កូរ៉េខាងជើង ដើម្បីចូលរួមខួប គណបក្សពលករ ដែលកំពុងកាន់អំណាច។
លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហោះវីដេអូ នៃការមកដល់របស់លោក នៅក្នុងប្រទេសកូរ៉េខាងជើង សម្រាប់ការចូលរួម ពិធីរម្លឹក ខួបលើកទី ៨០ នៃគណបក្សពលករ ដែលកំពុងកាន់អំណាច។
អតីតប្រធានាធិបតីរុស្ស៊ី រូបនេះ បានសរសេរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា «ពេលវេលាដើរទៅមុខ មិត្តនៅជាមួយគ្នា សត្រូវកំពុងភ័យញ័រ»។
វត្តមានរបស់ លោក Dmitry Medvedev បានកើតមានឡើង នៅពេលដែលមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un មានភាពក្លាហាន ក្នុងសង្គ្រាមនៅអ៊ុយក្រែន ព្រោះ ទទួលបានការគាំទ្រ យ៉ាងសំខាន់ពីរុស្ស៊ី បន្ទាប់ពីលោក Kim បានបញ្ជូនទាហានកូរ៉េខាងជើងរាប់ពាន់នាក់ ទៅប្រយុទ្ធ ជួយដល់កងកម្លាំងរបស់ទីក្រុងម៉ូស្គូ៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត