រដ្ឋមន្រ្តីសុខាភិបាល ណែនាំឱ្យ សមាគមសណ្តំប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា ត្រូវគោរពនិយាមក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន
(ភ្នំពេញ)៖ អ្នកដាក់ថ្នាំសណ្តំ ត្រូវកំណត់ឱ្យបានច្បាស់ ត្រូវមានវិន័យ ហើយស្ថិតនៅផ្លូវបំបែកទាំងបច្ចេកវិទ្យា និងគុណធម៌ ហើយត្រូវគោរពអ្នកជំងឺ គ្រប់ពេលដែលត្រូវដាក់ថ្នាំសណ្តំ ។ អ្នកដាក់ថ្នាំសណ្តំ ត្រូវឈរលើគុណភាពឈរលើការប្រតិបត្តិ សាមគ្គី ប្រុងប្រយ័ត្ន ហ្មត់ច្មត់ និងបណ្តុះបណ្តាលជាបន្ត ។ បើគ្មានសណ្តំនិងប្រពោធកម្មល្អទេ ក៏គ្មានការវះកាត់មួយដែរល្អដែរ ត្រូវខិតខំធ្វើយ៉ាងណាលើកកម្ពស់ការងារសណ្តំ សង្រ្គោះបន្ទាន់ ប្រពោធកម្មឱ្យកាន់តែប្រសើរឡើង ហើយត្រូវកសាងអ្នកជំនាញជំនាន់ថ្មី ដើម្បីឱ្យទទួលបានការជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

នេះជាប្រសាសន៍ណែនាំរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី២៩ របស់សមាគមសណ្តំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា និងលើកទី២២ របស់សមាគមគិលានុបដ្ឋាកឯកទេសសណ្តំ និងសង្គ្រោះបន្ទាន់កម្ពុជាក្រោមប្រធានបទ៖ «ការងារពហុជំនាញប្រកបដោយនវានុវត្តន៍ ដើម្បីការធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលវេលា» នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំពេញ ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចពីសារៈសំខាន់ ពីតួនាទីដ៏សំខាន់របស់បុគ្គលិកសុខាភិបាលម្នាក់ៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ ប្រកបដោយសុច្ឆន្ទៈ មោះមុត ភាពស្មោះត្រង់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីជាការផ្តល់នូវតម្លៃ ទំនុកចិត្តដល់ក្រុមការងារ អ្នកជំងឺ និងក្រុមគ្រួសារ ។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា បុគ្គលិកសុខាភិបាល ដែលមានឯកទេសជំនាញផ្សេងៗ គឺចាត់ទុកថា ជាអ្នកដែលបានពុះពារ ប្រឹងប្រែង ដើម្បីសម្រេចបាននូវគោលបំណង ចង់ក្លាយជាអ្នកជួយសង្គ្រោះ ព្យាបាល ផ្តល់ភាពសុខសាន្តជូនអ្នកជំងឺ ដែលនេះគឺជាភាពចាំបាច់មួយ ក្នុងនាមជាអ្នកបម្រើសេវាកម្មផ្នែកសុខាភិបាល។

សូមចម្រាបថា សន្និសីទនេះ ក្នុងគោលបំណង ដើម្បីជួបជុំគ្នារវាងអ្នកជំនាញ និងអ្នកវិជ្ជាជីវៈសុខាភិបាល ដោយយកចំណេះដឹង មកចែករំលែក ទៅអនុវត្តការងារប្រចាំថ្ងៃដោយសុក្រិត្យភាព ផ្តល់ជាប្រយោជន៍ធំធេងក្នុងការព្យាបាលអ្នកជំងឺរបស់យើង។ តាមរយៈសន្និសីទនេះ បានបញ្ជាក់ឱ្យឃើញនូវការខិតខំប្រឹងប្រែង ព្យាយាម និងការលះបង់ប្រកបដោយសាមគ្គីភាពរឹងមាំ ជាមួយនឹងជំហរស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់ និងទទួលចំណេះដឹងថ្មីៗ ដើម្បីបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈបន្ថែមទៀត ដល់សហភាតរៈរួមជំនាញទាំងផ្នែកសាធារណៈ និងឯកជន ដែលជាដៃគូបំពេញឱ្យគ្នា ព្រមទាំងដល់ប្អូនៗនិស្សិតឯកទេសជំនាន់ក្រោយៗទៀត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មានសង្ឃឹមយ៉ាងមុតមាំថា សន្និសីទនេះនឹងផ្តល់ឱកាសរួមចំណែកយ៉ាងទូលំទូលាយដល់សមាជិក សមាជិកាសមាគម ក៏ដូចជាអ្នកចូលរួមទាំងអស់នូវចំណេះដឹង បទពិសោធន៍ការងារ និងរបកគំហើញថ្មីៗលើសកលលោក ដោយខិតខំនិងស្វែងរកនូវបច្ចេកវិទ្យាថ្មីៗយកមកអនុវត្ត ៕
ដោយ ៖ ហេងសម្បត្តិ+ថេត វិចិត្រ
