យន្តហោះចម្បាំងអង់គ្លេសហោះហើរការពារតំបន់ជាប់ព្រំដែនរុស្ស៊ី

ឡុងដ៍ ៖ យន្តហោះចម្បាំងចំនួនពីរគ្រឿងនៃកងទ័ពអាកាសអង់គ្លេស បានចូលរួមបេសកកម្មហោះហើរចំនួន១២ម៉ោងក្នុងសប្តាហ៍នេះ ជាមួយកងកម្លាំងមកពីអាមេរិក និងណាតូ ដើម្បីល្បាតការពារតំបន់ជាប់ព្រំដែនរុស្ស៊ី។

ចក្រភពអង់គ្លេសនិយាយថា បេសកកម្មនេះធ្វើឡើងបន្ទាប់ពីមានយន្តហោះដ្រូនចម្លែកជាច្រើនគ្រឿង ដែលគេសង្ស័យថាជារបស់រុស្ស៊ី បានហោះហើររំលោភចូលដែនអាកាសរបស់ប្រទេសសមាជិកណាតូ មានដូចជាប៉ូឡូញ រ៉ូម៉ានី និងអេស្តូនី។

បេសកកម្មនេះដែរ មានការចូលរួមដោយយន្តហោះស៊ើបការណ៍អេឡិចត្រូនិក RC-135 Rivet និងយន្តហោះល្បាតដែនសមុទ្រ P-8A Poseidon ដែលបានហោះចេញពីតំបន់អាកទិក ឆ្លងកាត់ប្រទេសបេឡារុស និងអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយមានការគាំទ្រពីយន្តហោះចាក់សាំង KC-135 របស់កងទ័ពអាកាសអាមេរិក។

រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក John Healey បាននិយាយថា នេះគឺជាបេសកកម្មរួមគ្នាដ៏សំខាន់មួយ ជាមួយសម្ព័ន្ធមិត្តអាមេរិក និងណាតូរបស់យើង ហើយវាក៏ជាការផ្ញើសារមួយ បង្ហាញពីការរួបរួមកម្លាំងគ្នារបស់ណាតូទៅកាន់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងសត្រូវរបស់យើង។

កាលពីដើមខែនេះ មេដឹកនាំសហភាពអឺរ៉ុបក៏បានបង្ហាញពីការគាំទ្រផែនការពង្រឹងការការពារដែនអាកាសប្រទេសសមាជិកប្លុកអឺរ៉ុប ប្រឆាំងនឹងយន្តហោះដ្រូនរបស់រុស្ស៊ីផងដែរ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner