ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ ៖ រដ្ឋាភិបាលឧបត្ថម្ភថវិកាប្រចាំខែជូនយុវជនចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈដូនតា

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានមានប្រសាសន៍ លើកទឹកចិត្ត ដល់យុវជន ជាពិសេសពលករដែលត្រឡប់ពីប្រទេសថៃ ងាកមកចាប់អារម្មណ៍ជំនាញវិជ្ជាជីវៈដូនតាដែលរដ្ឋាភិបាលកំពុងផ្តល់ជូន ព្រោះថាជំនាញនេះ និងអាចបង្កើនប្រាក់ចំណូល ក៏ដូចជាចូលរួមអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ពីដូនតា។

ការចុះឈ្មោះរៀនជំនាញដូនតានេះ រដ្ឋាភិបាលជួយទាំងស្រុងដោយមិនមានការបង់ថ្លៃសិក្សានោះទេ, បន្ថែមលើនេះ យុវជនដែលមកពីគ្រួសារមានបណ្ណសមធម៌ និង គ្រួសារងាយរងហានិភ័យ និងទទួលបានប្រាក់ឧបត្ថម្ភក្នុង ១ខែ ២៨ ម៉ឺនរៀល ថែមទៀត។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សំដៅដល់ការយកចិត្តទុកដាក់លើការអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ពីដូនតា បង្កើតឱកាសការងារសម្រាប់យុវជន ដើម្បីបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។

វគ្គបណ្តុះបណ្តាលក្នុងឆ្នាំសិក្សា២០២៤-២០២៥ បើកដំណើរការនៅក្នុងខេត្តចំនួន៦ មានជំនាញ ខ្មុកស្មាច់, ចម្លាក់ថ្ម, ចម្លាក់ស្មិត, ចម្លាក់ស្បែក, តម្បាញក្រមាពណ៌ត្រុំ, តម្បាញសូត្រ និងស្មូនឆ្នាំង។

សាធារណជន ពិសេសយុវជនដែលមានបំណងចង់សិក្សាជំនាញខាងលើ សូមទាក់ទងលេខាធិការដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការតាមរយៈលេខទូរសព្ទ៖ ០១៧ ៤៣១ ៣០២ / ០៨៨ ៨៥៣ ៥៦៣៦ / ០៩៦ ៥២២ ៧៣៦៩៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner