សម្តេចតេជោ ហ៊ុន សែន ៖ ភាពរីកចម្រើននៅកម្ពុជា មិនអាចកាត់ផ្ដាច់បានឡើយនូវតួនាទីរបស់ជប៉ុន

(ភ្នំពេញ)៖ ភាពរីកចម្រើននៅកម្ពុជា មិនអាចកាត់ផ្ដាច់បានឡើយនូវតួនាទីរបស់ជប៉ុន រាប់ទាំងការចូលរួមចំណែករកសន្តិភាពនៅកម្ពុជា ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មាននៅក្រោយ ជំនួប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ។

ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះ ឯកឧត្តម TANAKA Akihiko និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្ដេចបានបង្ហាញនូវក្តីរីករាយដែលបានជួបឯកឧត្តមជាថ្មីម្ដងទៀតបន្ទាប់ពីបានជួបគ្នាកាលពី១០ឆ្នាំមុន នៅពេលដែលឯកឧត្តមបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ពោធស្ពានមិត្តភាព កម្ពុជា-ជប៉ុន អ្នកលឿង កាលពីឆ្នាំ២០១៥។ សម្ដេចតេជោសង្ឃឹមថា វត្តមានរបស់ឯកឧត្តម
មកកាន់កម្ពុជាសារជាថ្មីនេះ នឹងបានឃើញពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជា ជាពិសេសតាមរយៈការជួយជ្រោមជ្រែងរបស់ជប៉ុនក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម TANAKA Akihiko បានសម្ដែងនូវក្តីរីករាយដែលបានជួបសម្ដេចតេជោសារជាថ្មី ហើយឯកឧត្តមបានលើកឡើងថា ១០ឆ្នាំមុន និងមកដល់ពេលបច្ចុប្បន្ននេះ ហាក់បីដូចជាលឿនណាស់។ ឯកឧត្តមក៏បានមើលឃើញពីការប្រែប្រួលរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ ហើយឯកឧត្តមបានសរសើរអំពីការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា។ ឯកឧត្តមបានបញ្ជាក់អំពីតួនាទីរបស់កម្ពុជាក្នុងការចូលរួមចំណែក ជាពិសេសការសហការជាមួយស៊ីម៉ាក់ក្នុងសកម្មភាពដោះមីននៅក្រៅប្រទេស រួមទាំងតួនាទីរបស់ JICA ក្នុងការជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដូចជាការសាងសង់ស្ពានមិត្តភាព កម្ពុជា-ជប៉ុន ជ្រោយចង្វារ, ស្ពានគីសូណា, ស្ពានអ្នកលឿង, ការជួយកំពង់ផែស្វយ័តព្រះសីហនុ រួមទាំងផ្លូវជាតិមួយចំនួនដូចជាផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ជាដើម។ល។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្តីរីករាយ ចំពោះការចាប់អារម្មណ៍របស់ឯកឧត្តម នូវតួនាទីរបស់សម្ដេចកាលនៅជានាយករដ្ឋមន្ត្រី។ សម្ដេចតេជោក៏បានមានប្រសាសន៍ អំពីតួនាទីរបស់ JICA ដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍នៅព្រះរាជាណាចក្រកម្ពុជា និយាយជារួមតួនាទីរបស់ជប៉ុនក្នុងការជួយដល់ប្រទេសកម្ពុជានាពេលកន្លងមក។ សម្ដេចតេជោបានបញ្ជាក់ថាភាពរីកចម្រើននៅកម្ពុជាមិនអាចកាត់ផ្ដាច់បានឡើយនូវតួនាទីរបស់ជប៉ុន រាប់ទាំងការចូលរួមចំណែករកសន្តិភាពនៅកម្ពុជា រួមទាំងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។

សម្ដេចតេជោបានចែករំលែកនូវទស្សនៈទានមួយចំនួនដែលជាចក្ខុវិស័យ និងរំលឹកអំពីស្ថានភាពប្រវត្តិសាស្ត្រ និងការតស៊ូរបស់សម្ដេចក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ រួមទាំងការនាំកម្ពុជាមករកសន្តិភាពនៅចុងឆ្នាំ១៩៩៨ និងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ជាមួយគ្នានេះផងដែរសម្ដេចតេជោក៏បានជម្រាបជូនប្រធាន
JICA ពីស្ថានភាពព្រំដែន កម្ពុជា-ថៃ ដែលជំហររបស់កម្ពុជា គឺធ្វើយ៉ាងណាចង់ឱ្យដោះស្រាយបញ្ហាដោយសន្តិវិធី និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ សម្ដេចតេជោ ក៏បានលើកឡើងអំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលប្រទេសទាំងពីរគួរតែជំរុញបន្ថែមទៀត ក្នុងតួនាទីរបស់JICA ក្នុងការរួមចំណែកពង្រីកទំនាក់ទំនង នឹងទៅលើវិស័យសំខាន់ៗជាច្រើនទៀត រវាងកម្ពុជា និងជប៉ុន។

ឯកឧត្តម TANAKA Akihiko បានសម្ដែងនូវក្តីរីករាយ និងអរគុណចំពោះសម្ដេចតេជោដែលបានមានប្រសាសន៍អំពីប្រវត្តិនៃការតស៊ូ នាំប្រទេសកម្ពុជាមករកសុខសន្តិភាព និងការរីកចម្រើន។ ឯកឧត្តមក៏បានរំលេចអំពីការពង្រីកកិច្ចសហប្រតិបត្តិការ ដែល JICA នឹងធ្វើបន្ថែមទៀត ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន ឯកឧត្តមសង្ឃឹមថា ភាគីទាំងពីរ នឹងអាចឈានទៅរកការដោះស្រាយបញ្ហាដោយសន្តិវិធីនៅពេលខាងមុខ ហើយស្ថានភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងវិលមករកប្រក្រតីភាពឡើងវិញ ។

សម្ដេចតេជោ ហ៊ុន សែន បានជូនពរឯកឧត្តម TANAKA Akihiko និងសហការី ឱ្យបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាប្រកបដោយភាពជោគជ័យ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner