មេដឹកនាំអាមេរិក អេហ្ស៊ីប កាតា តួកគីចុះហត្ថលេខាលើសេចក្តីប្រកាសរួម បញ្ចប់សង្គ្រាមហ្គាហ្សា
គែរ ៖ មេដឹកនាំសហរដ្ឋអាមេរិក, អេហ្ស៊ីប, កាតា និង តួកគី កាលពីថ្ងៃទី១៣ ខែតុលា បានចុះហត្ថលេខា លើសេចក្តីប្រកាសរួម ឈានទៅបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា ជាស្ថាពរ។
លោក ប្រធានាធិបតីអាមេរិក Donald Trump, ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi, អធិរាជនៃប្រទេសកាតា Sheikh Tamim bin Hamad al-Thani និងប្រធានាធិបតីទួកគី លោក Recep Tayyip Erdogan បានចុះហត្ថលេខាលើឯកសារ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលស្តីពី Gaza នៅទីក្រុង Sharm el-Sheikh ។
សេចក្តីប្រកាសមួយនេះ ត្រូវបានបង្កើតឡើង ក្នុងនាមជាអ្នកធានា នៃកិច្ចព្រមព្រៀងហ្គាហ្សា ដែលមានគោលបំណង បញ្ចប់សង្រ្គាម រយៈពេលពីរឆ្នាំ។
លោក Donald Trump បាននិយាយ នៅមុនពេលចុះហត្ថលេខាថា «ឯកសារនេះ សរសេរចេញ នូវច្បាប់ និងបទប្បញ្ញត្តិ និងអ្វីៗជាច្រើនទៀត»។ លោក Trump បាននិយាយមុនពេលចុះហត្ថលេខា ដោយនិយាយម្តងទៀត ចំនួនពីរដង ថា «យើងនឹងបន្តទៅមុខ»។
ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នេះមិនទទួលស្គាល់យ៉ាងច្បាស់នូវសិទ្ធិរបស់ប៉ាឡេស្ទីន ក្នុងការធ្វើជារដ្ឋ និងការសម្រេចចិត្តដោយខ្លួនឯងនោះទេ។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានប្រកាសបញ្ចប់ជម្លោះ ដែលបានអូសបន្លាយ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ សម្លាប់ជីវិតមនុស្ស អស់រាប់ម៉ឺននាក់។
ផ្អែកតាមកិច្ចព្រមព្រៀង ដែលត្រូវបានបញ្ចេញ កាលពីចុងខែកញ្ញា បង្ហាញពីការសង្គ្រោះចំណាប់ខ្មាំងអ៊ីស្រាអែល ទាំង៤៨ នាក់ ទាំងស្លាប់ និង នៅរស់ ដែលនៅតែត្រូវបានចាប់ពង្រត់ ដោយក្រុមហាម៉ាស នៅហ្គាហ្សា។
នៅក្រោមផែនការនោះ អ៊ីស្រាអែល ត្រូវដកកងទ័ពរបស់ខ្លួន ចេញពីផ្នែកខ្លះ នៃទីតាំងហ៊ុមព័ទ្ធ ហើយក្រោយមកទៀត ត្រូវដកទ័ពទាំងស្រុង។ កាលពីថ្ងៃសុក្រ យោធាអ៊ីស្រាអែលបានប្រកាសថា អង្គភាពរបស់ខ្លួនបានចាប់ផ្តើមដកថយ ពីទីតាំងរបស់ពួកគេ ហើយ។
ក្របខ័ណ្ឌបទឈប់បាញ់ ២០ចំណុច យ៉ាងទូលំទូលាយ របស់លោក ត្រាំ បានអំពាវនាវឱ្យមានការបង្កើតរដ្ឋបាលអន្តរកាលនៅហ្គាហ្សា។ ក្រុមហាម៉ាស់ត្រូវបានគេរំពឹងថា នឹងដកអាវុធ ព្រមទាំងចាកចេញពីអភិបាលកិច្ច នៅក្នុងទឹកដីនេះ ដើម្បីឲ្យក្លាយទៅជាតំបន់ ដែលគ្មានការបំផ្លិចបំផ្លាញ និង គ្មានភេរវកម្ម៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

