ប្រធានសហព័ន្ធវ៉ូស៊ូកម្ពុជា អាណត្តិថ្មីប្តេជ្ញាផ្លាស់ប្តូរទិសដៅឲ្យកីឡាវ៉ូស៊ូកម្ពុជាឡើងដល់កម្រិតអន្តរជាតិ
(ភ្នំពេញ)៖ លោក ឧកញ៉ា ស៊ុន ប៊ុនថា ត្រូវបានមហាសន្និបាត គាំទ្រធ្វើជាប្រធានសហព័ន្ធកីឡាវ៉ួស៊ូអាណត្តិទី៧ ដែលជាអាណ្តិថ្មី (២០២៥–២០២៩) ។
ក្នុងអាណត្តិថ្មីនេះ លោកឧកញ៉ា ក្នុងនាមជាប្រធានសហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ថា “សហព័ន្ធវ៉ូស៊ូកម្ពុជានឹងបន្តយុទ្ធសាស្ត្រកែលម្អគ្រប់វិស័យ ទាំងផ្នែកបណ្តុះបណ្តាល ការជ្រើសរើសគ្រូបង្វឹកជំនាញ ការរៀបចំព្រឹត្តិការណ៍ក្នុងស្រុក និងការចូលរួមប្រកួតអន្តរជាតិ។ពិសេស គឺផ្តោតលើការបង្កើតកីឡាករវ៉ូស៊ូជំនាន់ថ្មីដែលមានវិន័យ មានគុណធម៌ និងមានសមត្ថភាពប្រកួតប្រជែងបានជាមួយប្រទេសក្នុងតំបន់ និងអាស៊ីទាំងមូល។”
លោកបន្ថែមថា សហព័ន្ធមានគម្រោងសហការជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបង្កើតកម្មវិធីបណ្តុះបណ្តាល និងបណ្តាញគ្រូបង្វឹកវ៉ូស៊ូជាតិ បង្ហាញសមត្ថភាពនៅព្រឹត្តិការណ៍អន្តរជាតិដូចជា អាស៊ាន អាស៊ី និងពិភពលោក។ ហើយអ្វីកាន់តែយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតនោះ គឺចូលរួមដោះស្រាយនូវអ្វីដែលជាបញ្ហាប្រឈមចំពោះការអភិវឌ្ឍទៅតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីជំរុញឱ្យកីឡាវ៉ូស៊ូកម្ពុជាកាន់តែរីកចម្រើនដល់កម្រិតពិភពលោកនាពេលខាងមុខផងដែរ។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា ក្នុងនាមជាប្រធានស្តីទីសហព័ន្ធអាណត្តិចាស់ បានកោតសរសើរចំពោះទឹកចិត្តលោកឧកញ៉ា ស្រ៊ុន ប៊ុនថាត និងសមាជិកប្រតិបត្តិគ្រប់រូបក្នុងការចូលរួមដឹកនាំសហព័ន្ធ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម វ៉ាត់ ចំរើន បានលើកឡើង៥ចំណុចពិសេសដើម្បីពង្រឹងសហព័ន្ធកីឡាវូស៊ូ ដែល ទី១មានផ្នែករដ្ឋបាលកីឡា។ នោះសហព័ន្ធត្រូវមានការរៀបចំដំណើរការលិខិតស្នាម គ្រប់គ្រង កិច្ចប្រជុំ ដែលប្រធានសហព័ន្ធ និងអគ្គលេខាធិការទទួលបន្ទុកចាត់ចែង ជាពិសេសអគ្គលេខាធិការ។ ទោះបីជាសហព័ន្ធកីឡាវូស៊ូកម្ពុជាមិនទាន់ជាប្រភេទកីឡាអូឡាំពិក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅតែជួយជ្រោមជ្រែងលើផ្នែករដ្ឋបាល។
ចំណុចទី២ គឺសហព័ន្ធកីឡាវូស៊ូត្រូវពង្រឹងលើផ្នែកទំនាក់ទំនងអន្តរជាតិ កៀរគររកការគាំទ្រពីប្រទេសជាម្ចាស់ដើម គឺ ប្រទេសចិន ជាពិសេសផ្នែកបច្ចេកទេស និងការឧបត្ថម្ភគាំទ្រ។
ចំណុចទី៣ គឺគ្រប់គ្រងបច្ចេកទេសដែលមានការអភិវឌ្ឍគ្រូបង្វឹក កីឡាករ អាជ្ញាកណ្ដាលចៅក្រម ជាដើម។
ចំណុចទី៤ គឺរៀបចំឱ្យមានផ្នែកទីផ្សារ ស្វែងរកចំណូល និងរៀបចំព្រឹត្តិការណ៍។
ចំណុចទី៥ គឺត្រូវធ្វើផែនការអភិវឌ្ឍអ្នកគ្រប់គ្រងព្រឹត្តិការណ៍ដែលមានការប្រកួតប្រចាំឆ្នាំដោយសហការជាមួយផ្នែកទីផ្សារ និងរៀបចំព្រឹត្តិការណ៍ ទាំងការប្រកួតក្នុងស្រុក និងប្រកួតលក្ខណៈអន្តរជាតិនៅក្រៅប្រទេស។
សម្រាប់ការដឹកនាំក្នុងអាណត្តិថ្មីទី៧ (២០២៥–២០២៩) គណៈកម្មាធិការប្រតិបត្តិថ្មីចំនួន១៣នាក់ មានដូចជា៖ លោក ឧកញ៉ា ស៊ុន ប៊ុនថា ត្រូវបានជ្រើសរើស ជាប្រធានសហព័ន្ធកីឡាវ៉ូស៊ូកម្ពុជា សម្រាប់អាណត្តិទី៧ ដោយមានអនុប្រធានចំនួនបីនាក់ រួមមានលោក ម៉ែន ម៉ាលីន, លោកស្រី ព្រាប ម៉ូនីកា, និងលោក ម៉ុង ប៊ុនថា។ ខណៈដែលតំណែងអគ្គលេខាធិការត្រូវឲ្យលោក មៅ ចន្ថាវុធ បន្តអនុវត្តភារកិច្ចជាអ្នកដឹកនាំផ្នែកបច្ចេកទេស និងគោលនយោបាយអភិវឌ្ឍន៍កីឡាវ៉ូស៊ូជាតិ៕






រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ