រុស្ស៊ីគំរាមអាមេរិកវិញថា លោក Trump នឹងជួបរឿងអាក្រក់ បើឲ្យមីស៊ីល Tomahawk ទៅអ៊ុយក្រែន

មូស្គូ ៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានខ្លាំងៗសាជាថ្មីកាលពីថ្ងៃចន្ទថា ការផ្តល់ជំនួយមីស៊ីល Tomahawk ដល់អ៊ុយក្រែន អាចនឹងធ្វើឱ្យស្ថានការណ៍បញ្ចប់ទៅកាន់តែអាក្រក់ឡើងសម្រាប់មនុស្សគ្រប់គ្នា ពិសេសសម្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump។

សារព័ត៌មាន The straits times បានចេញផ្សាយថា លោក Medvedev ដែលជាបុគ្គលតែងតែរិះគន់ធ្ងន់ៗលើលោក Trump តាមរយៈបណ្តាញសង្គម បាននិយាយថា វាមិនអាចទៅរួចទេ ក្នុងការបែងចែកថាតើមីស៊ីល Tomahawk មួយណា បំពាក់ក្បាលគ្រាប់ធម្មតា និងក្បាលគ្រាប់នុយក្លេអ៊ែរ បន្ទាប់ពីវាត្រូវបានបាញ់ចេញ ហើយនោះក៏ជាអ្វីដែលលោកប្រធានាធិបតី Putin ធ្លាប់បាននិយាយដែរ។

លោក Medvedev បន្ថែមថា បើសិនដូច្នេះ តើរុស្ស៊ីគួរតែឆ្លើយតបវិញរបៀបណា? ប្រាកដណាស់ រុស្ស៊ីនឹងសងសឹកវិញដោយអាវុធនុយក្លេអ៊ែរដូចគ្នាដែរ។ ប៉ុន្តែទោះបីជាយ៉ាងណា រុស្ស៊ីសង្ឃឹមថា ការគំរាមកំហែងបែបនេះនឹងមិនកើតឡើងទេ រួមទាំងការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរទៅកៀកប្រទេសរុស្ស៊ីផងដែរ។

ការព្រមានរបស់លោក Medvedev នេះ កើតឡើងបន្ទាប់ពីមេដឹកនាំអាមេរិក លោក Donald Trump បានបញ្ជាឱ្យបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរទៅកៀកប្រទេសរុស្ស៊ី ជាការឆ្លើយតបនូវអ្វីដែលលោកហៅថា ការបង្កហេតុកម្រិតខ្ពស់កើតចេញពីវោហាសាស្រ្តសម្លុតគំរាមពីហានិភ័យផ្ទុះសង្គ្រាមរបស់លោក Medvedev។

មិនត្រឹមតែប៉ុណ្ណោះ លោកប្រធានាធិបតី Trump ក៏បានអះអាងដែរថា រូបលោកអាចផ្តល់ជំនួយមីស៊ីល Tomahawk ដែលអាចបាញ់ក្នុងចម្ងាយប្រហែល ២.៥០០គីឡូម៉ែត្រទៅឱ្យអ៊ុយក្រែន បើសិនលោកប្រធានាធិបតី Putin មិនយល់ព្រមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ។

បើសិនរឿងនេះកើតឡើងមែននោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអះអាងថា ប្រទេសរបស់លោកនឹងប្រើប្រាស់មីស៊ីល Tomahawk ក្នុងគោលបំណងយោធាតែមួយមុខគត់ មិនមែនទុកសម្រាប់វាយប្រហារប្រឆាំងនឹងគោលដៅស៊ីវិលណាមួយនៅក្នុងទឹកដីរុស្ស៊ីឡើយ៕

ប្រភព ៖ The Strait Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner