កម្ពុជា ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១៣ឆ្នាំ នៃការយាងសោយទិវង្គត់របស់ព្រះអង្គ កាលពីឆ្នាំ២០១២

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ជាព្រះរាជពិធីរំលឹកខួប ១៣ឆ្នាំ នៃការយាងសោយទិវង្គតរបស់សម្តេចព្រះបិតាឯករាជ្យជាតិ «ព្រះបរមរតនកោដ្ឋ» ។ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានត្រៀមរៀបចំពិធី គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៣ឆ្នាំ នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ដែលជាថ្ងៃព្រះអង្គសោយទីវង្គត់ កាលពីឆ្នាំ២០១២ កន្លងទៅ ។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានជូនដំណឹងថា ឆ្នាំនេះ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត និងប្រជារាស្ត្រ ក្នុងទូទាំងប្រទេស នឹងរៀបចំពិធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៣ឆ្នាំ ដែលប្រព្រឹត្តនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ។

នៅឆ្នាំ២០២៥នេះ ក៏មិនខុសពីបណ្តាឆ្នាំកន្លងទៅដែរ មន្ត្រីគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ អញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យដោយមានវត្តមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ បុគ្គលិកក្រោមឱវាទចូលរួមឱ្យបានស័ក្តិសមបំផុត ក្នុងនោះមានចាប់ពីថ្នាក់ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីបន្ទាប់បន្សំ។ល។

ជាមួយនេះ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ បានដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះបរមរតនកោដ្ឋ ដោយប្រើព្រះបរមឆាយាល័ក្ខណ៍ថ្មីមិនស្លក់ពណ៌ បំភ្លឺភ្លើងពណ៌ និងតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់ក្អែប បដា ពាក្យស្លោក ឱ្យបានសមរម្យ និងចាត់តាំងរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធទ្រង់ ។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានី ខេត្ត ត្រូវដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ព្រះអង្គ ដោយប្រើព្រះបរមឆាយាល័ក្ខណ៍ថ្មីមិនស្លក់ពណ៌ បំភ្លឺភ្លើងពណ៌ និងតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ទង់ក្អែប បដា ពាក្យស្លោក តាមបណ្តាមន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ សាលារៀន និងបំផុសប្រជារាស្រ្តឱ្យចងទង់ជាតិគ្រប់គេហដ្ឋាន ឱ្យបានគ្រប់គ្នាផងដែរ ។

សូមរំលឹកថា កាលពីវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែតុលា កាលពី១៣ឆ្នាំមុន (១៥ តុលា ២០១២ – ១៥ តុលា ២០២៥) គឺជាពេលវេលាដ៏សែនសោកសៅ និងសោកសង្រេងបំផុត សម្រាប់ជាតិខ្មែរទាំងមូល ព្រោះជាពេលវេលាបាត់បង់ នូវព្រះមហាវីរក្សត្រដ៏ឆ្នើមមួយអង្គ គឺសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ ការយាងសោយទិវង្គតរបស់ព្រះអង្គ ប្រៀបដូចជាស្បៃអន្ធការចូលមកគ្របដណ្តប់លើផែនពសុធាដ៏ស្រស់បំព្រង នៃដែនសីមារបស់កម្ពុជា ។
ប្រជាពលរដ្ឋខ្មែរទូទាំងនគរ បានបង្ហាញក្តីវិយោគ ស្រណោះស្រណោកពន់ពេកក្រៃ ចំពោះការបាត់បង់អង្គព្រះមហាក្សត្រ ដែលបានបន្សល់នូវស្នាព្រះហស្ថដ៏ច្រើនសម្រាប់ជាតិកម្ពុជា។

ស្នាព្រះហស្ថធំៗដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចបាននោះ គឺការយាងបំពេញព្រះរាជបូជនីយកិច្ច យ៉ាងអង់អាចក្លាហានក្នុងការទាមទារ និងដណ្តើមសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរ ពីនឹមអនាគមបារាំងរហូតទទួលបានជោគជ័យនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។ ក្រោយការទាមទារឯករាជ្យពីបារាំង បានជោគជ័យហើយនោះ ការបំពេញព្រះរាជកិច្ចដឹកនាំប្រទេស ក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៣-១៩៧០) ក៏បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្ញប់ស្ញែង និងចងចាំមិនអាចបំភ្លេចបានឡើយចំពោះភាពរីកចម្រើន និងលិចធ្លោររបស់ជាតិកម្ពុជា ។

ក្រោមការដឹកនាំរបស់ព្រះមហាវីរក្សត្រព្រះបាទ នរោត្ដម សីហនុ ជាព្រះប្រមុខរដ្ឋរបបសង្គមរាស្ត្រនិយម កម្ពុជាត្រូវបានគេចាត់ទុកថាជា «គុជអាស៊ី» ដោយសារមានការរីកចម្រើនលើគ្រប់វិស័យ។ សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ ។

គំរូវីរភាពដ៏អង់អាចក្លាហាន ក្នុងការទាមទារឯករាជ្យពីបារាំង និងស្នាព្រះហស្ថដឹកនាំកសាងសង្គមកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយមឲ្យល្បីរន្ទឺនៅអាស៊ីនោះហើយ ជាការសាងនូវភាពល្បីល្បាញ និងអន្ទងដួងចិត្ត និងបេះដូងរាស្ត្រខ្មែរនៅតែនឹករឭក និងចងចាំគ្មានថ្ងៃបំភ្លេច ដូចពាក្យសុភាសិតខ្មែរមួយឃ្លា បានពោលថា «ទូកទៅ កំពង់នៅ»។ បើទោះបីព្រះកាយរបស់ព្រះអង្គ បានរសាត់បាត់ពីភពផែនដី តែព្រះកិត្តិនាមរបស់ព្រះអង្គ នៅតែបន្តក្រអូបឆ្ងុយឆ្ងប់ក្រាលគ្រប លើផែនពសុធានៃរដ្ឋកម្ពុជា ។

ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ទ្រង់យាងចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១៖២០នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា។ ព្រះសពរបស់អតីតព្រះមហាក្សត្រ ត្រូវបានដឹកតាមជើងយន្តហោះពិសេសពីប្រទេសចិនមកកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង៣រសៀល ។

ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ, រាជរដ្ឋាភិបាលកម្ពុជា បានយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃបុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។ នៅថ្ងៃទី១៥ តុលា ទៀតសោត ទាំងព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង ស្ថាប័ន និងប្រជារាស្រ្តទូទាំងប្រទេស តែងតែប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner