រុស្ស៊ីស្វាគមន៍លោក Trump ជួយបង្កើតសន្តិភាពអ៊ុយក្រែន បន្ទាប់ពីហ្គាហ្សា
មូស្គូ ៖ ប្រទេសរុស្ស៊ីបានសម្តែងការស្វាគមន៍ការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលចង់បង្កើតកិច្ចព្រមព្រៀងសន្តិភាពបញ្ចប់ការប្រយុទ្ធគ្នានៅអ៊ុយក្រែន បន្ទាប់ពីមានបទឈប់បាញ់នៅហ្គាហ្សា ហើយរុស្ស៊ីសង្ឃឹមថា គាត់នឹងអាចបញ្ចុះបញ្ចូលអ៊ុយក្រែនឱ្យស្វែងរកដំណោះស្រាយដែរ។
ថ្លែងនៅចំពោះមុខសភាអ៊ីស្រាអែល មួយថ្ងៃបន្ទាប់ពីជួយបង្កើតបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់, លោកប្រធានាធិបតី ត្រាំ បានបង្ហើបពីបំណងចង់បញ្ចប់កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ទាក់ទិននឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ហើយលោកក៏ចង់លូកដៃជួយពន្លត់ភ្លើងសង្គ្រាមអ៊ុយក្រែនមុនផងដែរ។
ឆ្លើយតបការអត្ថាធិប្បាយរបស់លោកប្រធានាធិប ត្រាំ, អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា រុស្ស៊ីនៅតែបើកទូលាយសម្រាប់ការចចារបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
លោក Peskov បានសង្កត់ធ្ងន់ថា ភាគីរុស្ស៊ីនៅតែបើកទូលាយ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចរចាសន្តិភាព ហើយយើងក៏សង្ឃឹមដែរថា ប្រេសិតពិសេសរបស់លោកប្រធានាធិបតី ត្រាំ នឹងប្រើប្រាស់ជំនាញការទូត ឬឥទ្ធិពលរបស់សហរដ្ឋអាមេរិក ជួយបញ្ចុះបញ្ចូលភាគីអ៊ុយក្រែនឱ្យសកម្ម និងប្តេជ្ញាចិត្តក្នុងដំណើរការស្វែងរកសន្តិភាពពិតប្រាកដ។
លោក Peskov ក៏បានអះអាងដែរថា ការចរចាជាមួយអាមេរិកទាក់ទិននឹងការបញ្ចប់សង្គ្រាមអ៊ុយក្រែនបានជាប់គាំង ស្របពេលដែលលោកប្រធានាធិបតី ត្រាំ បានបង្ហើបអំពីលទ្ធភាពផ្គត់ផ្គង់មីស៊ីលបាញ់ក្នុងចម្ងាយ ២,៥០០គីឡូម៉ែត្រ Tomahawk ទៅឱ្យអ៊ុយក្រែន ជាអ្វីដែលរុស្ស៊ីធ្លាប់បានព្រមានរួចហើយថា រឿងនេះនឹងបង្កគ្រោះថ្នាក់កាន់តែធំឡើង៕
ប្រភព ៖ The Strait Times ប្រែសម្រួល ៖ ឈឹម ទីណា
