កញ្ញា កុយ អេនណា ត្រូវបានចាត់ទុកជាគំរូវិរៈភាពបង្ហាញពីភាពរឹងមាំតស៊ូរបស់ស្រ្តីដែលជាអ្នករកផលប្រយោជន៍ជួយដល់សង្គម
(ភ្នំពេញ)៖ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបង្ហាញនូវការស្ងោចសសើរចំពោះការលះបង់របស់ កញ្ញា កុយ អេនណា ក្នុងសកម្មភាពដើរថ្មើរជើងពីភ្នំពេញទៅសៀមរាប ដែលជាសកម្មភាពសប្បុរសធម៌ ក្នុងស្មារតីលើកកម្ពស់កុមារ ឬជនមានពិការភាព និងបញ្ឈប់ការរើសអើងដល់ជនពិការ។
លោក ជំទាវ បានចាត់ទុកការលះបង់របស់ កញ្ញា កុយ អេនណា គឺជាវិរៈភាពដែលបានបង្ហាញពីភាពរឹងមាំការតស៊ូរបស់ស្រ្តីដែលជាអ្នករកផលប្រយោជន៍ជួយដល់សង្គមជាតិ។
ការថ្លែងលើកឡើងរបស់ លោក ជំទាវ ញ៉ែម មរតក ធ្វើឡើង ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនជនមានពិការភាពនៃសមាគមនសំនៀងជនពិកា និងប្រគល់ថវិការបស់ កញ្ញា កុយ អេនណា ដែលទទួលបានពីដំណើរថ្មើរជើងពីភ្នំពេញទៅសៀមរាប ដែលទទួលបានការឧបត្ថម្ភពីសំណាក់សប្បុរសជនទូទាំងប្រទេស។
លោក ជំទាវ រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សកម្មភាពដើរថ្មើរជើងរបស់ កញ្ញា កុយ អេនណា គឺជាគោលដៅមួយរបស់ក្រសួងកិច្ចការនារី ដែលជំរុញឱ្យស្រ្តីនិងក្មេងស្រីខិតខំតស៊ូដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំ និងជាជនគំរូសែ្វងរកផលប្រយោជន៍ជួយដល់សង្គមជាតិ ។
លោក ជំទាវថា សកម្មភាពដើរថ្មើរជើងរបស់ អេនណា ប្រធានបទមើលទៅមានទំហំតូចទេ ប៉ុន្តែនៅខាងក្រោយខ្នងវិញ បានបង្ហាញសកម្មភាពច្រើនមានដូចជា៖ផ្សព្វផ្សាយជួយលើកទឹកជនមានពិការភាព ផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងបញ្ឈប់នូវការរើសអើងជនមានពិការភាព និងផ្សព្វផ្សាយវប្បធម៌និង ទេសចរ។
កញ្ញា កុយ អេនណា បានលើកឡើងថា ការដើរថ្មើរជើងនេះ គឺនាងបានធ្វើចេញពីបេះដូងស្រលាញ់ និងចង់ផ្សព្វផ្សាយអប់រំបញ្ជ្រាបដល់ប្រជាពលរដ្ឋឱ្យបញ្ឈប់រាល់ការរើសអើងដល់ជនមានពិការភាព។ ហើយ នាងបានប្រកាសទៀតថា កម្មវិធីដើរថ្មើរជើងពីភ្នំពេញទៅសៀមរាបនេះជាមួយផ្នែកតូចនោះទេ។ ហើយបន្តបន្ទាប់ទៀត កម្មវិធីជួយដល់សង្គមជាតិនេះ នាងនឹងបង្កើតឡើងជាសកម្មភាពជាច្រើនទៀត។
ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតសម្បទា និងជាប្រធាមសមាគមន សំនៀងជនពិការ បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការលះបងរបស់ កញ្ញា កុយ អេនណា ដែលបានចូលរួមគាំទ្រដល់ជនមានពិការភាព ផ្សព្វផ្សាយឱ្យសាធារណៈជនយល់និងមានការអាណិតអាសូដល់កុមារ និងជនមានពិការភាព។
ឯកឧត្តម បានចាត់ទុកសកម្មភាពនេះ គឺជាគំរូវរៈភាពរបស់ស្រ្តីមិនអាចកាត់ថ្លៃបាន។ជាមួយគ្នានោះ ឯកឧត្តម និងបងប្អូនសមាគមនសំនៀងជនពិកាក៏បានគាំទ្រ កញ្ញា កុយ អេណា ធ្វើជាទូតសុឆន្ទៈរបស់សមាគមនសំនៀងជនពិការផងដែរ។
សូមបញ្ជាក់ថា ក្នុងដំណើរដើរថ្មើរជើងរបស់ កញ្ញា កុយ អេណា ពីភ្នំពេញទៅសៀមរាបដែលមានចម្ងាយជាង៣០០គីឡូម៉ែត្រនេះ គឺទទួលបានការឧបត្ថម្ភពីសំណាក់សប្បុរសជនទូទាំងប្រទេសបានជាង១២ម៉ឺនដល្លារអាមេរិក ដែលថវិកាទាំងអស់នេះ កញ្ញា កុយ អេនណា និងបែងចែកជួយដល់សមាគមនសំនៀងជនពិការមួយផ្នែក និងមួយចំនួនទៀតទុកជួយដល់កុមារជាជនពិការ និងជនពិការទូទាំងប្រទេស ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ






