លោក Trump ឆ្លៀតជជែកជាមួយលោក Putin មុនមេដឹកនាំអ៊ុយក្រែនហោះមកដល់អាមេរិក
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងឆ្លៀតពេលពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពោលគឺមួយថ្ងៃមុនពេលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្វើដំណើរមកបំពេញទស្សនកិច្ចនៅសេតវិមានក្នុងសប្តាហ៍នេះ។
សារព័ត៌មាន Axios បានចេញផ្សាយបែបនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយផ្អែកតាមប្រភពដែលដឹងច្បាស់អំពីរឿងនេះ។ យ៉ាងណាមិញ ភ្លាមៗខាងសេតវិមាននៅមិនទាន់ធ្វើការឆ្លើយតប ចំពោះសំណើសុំការអត្ថាធិប្បាយទាក់ទិននឹងសេចក្តីរាយការណ៍នេះនៅឡើយទេ។
មេដឹកនាំអ៊ុយក្រែនរូបនេះ ត្រូវបានគេរំពឹងថា នឹងជួបចរចាជាមួយលោកប្រធានាធិបតី ត្រាំ ក្នុងគោលបំណងជំរុញការគាំទ្រផ្នែកយោធាថែមទៀត ខណៈដែលអ៊ុយក្រែន និងរុស្ស៊ីបង្កើនសង្គ្រាមរបស់ពួកគេ ជាមួយនឹងការវាយប្រហារទ្រង់ទ្រាយធំលើប្រព័ន្ធថាមពល ចំពេលអង្គការណាតូជាប់ដៃត្រៀមខ្លួនឆ្លើយតបការរំលោភដែនអាកាសពីសំណាក់រុស្ស៊ី។
គិតមកទល់ពេលនេះ អ៊ុយក្រែនបាននិងកំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យអាមេរិកបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ដែលមានសមត្ថភាពវាយប្រហារក្នុងចម្ងាយប្រហែល ២,៥០០គីឡូម៉ែត្រ ដែលធ្វើឱ្យរដ្ឋធានីមូស្គូ និងទីក្រុងធំៗដទៃទៀតរបស់រុស្ស៊ី ស្ថិតក្រោមគោលដៅវាយប្រហារដោយមីស៊ីលអ៊ុយក្រែន។
ជាការឆ្លើយតប លោកប្រធានាធិបតី ត្រាំ ក៏បានព្រមានដែរថា រូបលោកអាចនឹងសម្រេចចិត្តផ្គត់ផ្គង់មីស៊ីល Tomahawk ដល់អ៊ុយក្រែន បើសិនមេដឹកនាំរុស្ស៊ី លោក ពូទីន មិនយល់ព្រមបញ្ចប់សង្គ្រាមអ៊ុយក្រែនទេនោះ៕
ប្រភព ៖ The Strait Times ប្រែសម្រួល ៖ ឈឹម ទីណា
