អ៊ុយក្រែនចោទកូរ៉េខាងជើងជួយបញ្ជាដ្រូនស៊ើបការណ៍ឱ្យរុស្ស៊ី
កៀវ ៖ យោធាអ៊ុយក្រែនបានចោទប្រកាន់ចំៗថា មូលដ្ឋានកងទ័ពកូរ៉េខាងជើងនៅរុស្ស៊ី គឺជាអ្នកនៅពីក្រោយការបញ្ជាដ្រូនហោះឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីអ៊ុយក្រែន សម្រាប់បេសសកម្មស៊ើបការណ៍។
អគ្គសេនាធិការអ៊ុយក្រែនបានបង្ហោះសារលើបណ្តាញសង្គម Facebook ថា អង្គភាពកូរ៉េខាងជើង ឥឡូវនេះកំពុងបំពេញបេសសកម្មបញ្ជាដ្រូនចេញពីតំបន់ ursk ដើម្បីស្វែងរកទីតាំងមូលដ្ឋានយោធា និងជួយកំណត់គោលដៅវាយប្រហារដោយគ្រាប់រ៉ុក្តែតលើតំបន់ Sumy ដែលនៅជាប់នឹងអ៊ុយក្រែន។
ប៉ុន្តែកងកម្លាំងការពារជាតិអ៊ុយក្រែនចាប់បានការទាក់ទងគ្នារវាងអ្នកបញ្ជាយន្តហោះដ្រូនរបស់កូរ៉េខាងជើង និងកងទ័ពរុស្ស៊ី។ នេះជាលើកដំបូងហើយ ដែលអ៊ុយក្រែនរាយការណ៍ពីតួនាទីនៅលើសមរភូមិរបស់កងទ័ពកូរ៉េខាងជើងក្នុងរយៈពេលជាច្រើនខែមកនេះ។
កិច្ចសហការរវាងកងទ័ពរុស្ស៊ី-កូរ៉េខាងជើង ធ្វើឡើងស្របតាមការចុះកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការធ្វើទំនើបកម្មយោធាកាលពី២ឆ្នាំមុន។
អ៊ុយក្រែន និងកូរ៉េខាងត្បូងបានប៉ាន់ស្មានថា កូរ៉េខាងជើងបានដាក់ពង្រាយកងទ័ពខ្លួនប្រមាណជាង ១០,០០០នាក់ ដើម្បីជួយប្រយុទ្ធរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ជាថ្នូរនឹងជំនួយផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធា។
បើតាមការអះអាងរបស់ប្រមុខការពារជាតិកូរ៉េខាងត្បូង, ក្រៅពីជំនួយសំខាន់ៗទាំងពីរនេះ កូរ៉េខាងជើងក៏ទំនងជាទទួលបានជំនួយបច្ចេកទេសពីរុស្ស៊ី នៅក្នុងការពន្លឿនអភិវឌ្ឍន៍នាវាមុជចម្បាំងផងដែរ៕
ប្រភព ៖ The Strait Times ប្រែសម្រួល ៖ ឈឹម ទីណា
