ស៊ីរី និងរុស្ស៊ីពិភាក្សាអំពីមូលដ្ឋានយោធា

ដាម៉ាស់ ៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសស៊ីរី បានអះអាងថា ប្រទេសរបស់ខ្លួន និង ភាគីរុស្ស៊ីកំពុងពិភាក្សា លើមូលដ្ឋានយោធា។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Tass កាលពីថ្ងៃទី១៩ ខែតុលា លោក Asaad al-Shaibani រដ្ឋមន្ត្រីការបរទេស នៃរដ្ឋាភិបាលអន្តរកាលស៊ីរី បានអះអាងថា ស៊ីរី និងរុស្ស៊ីកំពុងពិភាក្សាគ្នាលើការពិនិត្យឡើងវិញ នៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ក្រោមរដ្ឋាភិបាលមុន រួមទាំង ការពាក់ព័ន្ធនឹងមូលដ្ឋានយោធារបស់រុស្ស៊ី នៅលើទឹកដីរបស់ខ្លួន ហើយ បន្ថែមថា កិច្ចព្រមព្រៀងថ្មី មិនទាន់ត្រូវបានចុះហត្ថលេខា នៅឡើយ។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយ លោករដ្ឋមន្ត្រី បញ្ជាក់ថា «ការចាប់ផ្តើមនៃទំនាក់ទំនង ជាមួយរុស្ស៊ី គឺបន្តិចម្តង និង មិនទាន់មានកិច្ចព្រមព្រៀងថ្មី ជាធរមាន រវាងប្រទេសទាំងពីរ នៅចំណុចនេះ នៅឡើយទេ»។

ដំណឹងនេះ ត្រូវបានប្រកាស បន្ទាប់ពី មេដឹកនាំបណ្តោះអាសន្ន របស់ស៊ីរី លោក Ahmed al-Sharaa បានបំពេញទស្សនកិច្ចការងារ នៅប្រទេសរុស្ស៊ី ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ជាលើកដំបូង កាលពីថ្ងៃទី ១៥ ខែតុលា។ ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា មេដឹកនាំស៊ីរី បានបង្ហាញពីបំណងប្រាថ្នា របស់ទីក្រុង Damascus ដើម្បី “ចាប់ផ្តើមឡើងវិញ” ទំនាក់ទំនងរបស់ខ្លួន ជាមួយទីក្រុងម៉ូស្គូ។

ប្រទេសរុស្ស៊ី ដំណើរការប្រតិបត្តិការទីតាំងយោធា ចំនួនពីរ ក្នុងប្រទេសស៊ីរី រួមមាន មូលដ្ឋានដឹកជញ្ជូនទ័ពជើងទឹក Tartus និង មូលដ្ឋានអាកាស Hmeymim ស្ថិតនៅចម្ងាយ ២០ គីឡូម៉ែត្រ ភាគអាគ្នេយ៍ នៃទីក្រុង Latakia ។ មូលដ្ឋានសូវៀត នៅ Tartus ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៧១ ក្រោមកិច្ចព្រមព្រៀងទ្វេភាគី។ រុស្ស៊ីបានបង្កើតកងទ័ពអាកាសរបស់ខ្លួន ក្នុងប្រទេសស៊ីរី នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៥ ដើម្បីផ្តល់ការគាំទ្រ ដល់កងទ័ពស៊ីរី ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវជនរដ្ឋឥស្លាម ។

កាលពីថ្ងៃទី១៣ ខែតុលា ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន មកពីបណ្តាប្រទេសអារ៉ាប់ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ប្រទេសស៊ីរីចង់រក្សាមូលដ្ឋានយោធារុស្ស៊ី នៅក្នុងប្រទេស៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner