អាល្លឺម៉ង់ចាយជិត ៣ ពាន់លានដុល្លារ ទិញយន្តហោះចម្បាំង F-35 ពីអាមេរិក
ប៊ែរឡាំង ៖ ប្រទេសអាល្លឺម៉ង់មានគម្រោងជះលុយដល់ទៅជិត ៣ ពាន់លានដុល្លារ នៅក្នុងការបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើប F-35 ចំនួន១៥គ្រឿងថែមទៀតពីក្រុមហ៊ុនអាមេរិក Lockheed Martin ឆ្លើយតបការរំលោភបំពានដែនអាកាសរដ្ឋសមាជិកណាតូ ពីយន្តហោះដ្រូនដែលគេសង្ស័យថាជារបស់រុស្ស៊ី ទោះបីទីក្រុងមូស្គូបដិសេធ។
យោងតាមការចេញផ្សាយរបស់កាសែតរ៉យទ័រ, ការបញ្ជាទិញយន្តហោះចម្បាំងបន្ថែម ជផ្នែកនៃគម្រោងយោធាដទៃទៀត ហើយកញ្ចប់ថវិកាដើម្បីទិញ F-35 ត្រូវបានវាយតម្លៃថា មានចំនួនជិត ៣ពាន់លានដុល្លារ។
យ៉ាងណាមិញ ការបញ្ជាទិញ F-35 បន្ថែម ត្រូវបានរំពឹងថា នឹងដុតបញ្ឆេះភាពតានតឹងថ្មីរវាងអាល្លឺម៉ង់ និងបារាំង ដែលកំពុងមានជម្លោះលើគម្រោងអភិវឌ្ឍយន្តហោះចម្បាំងរួមគ្នានាពេលអនាគត ឈ្មោះថា FCAS ជាភាសាអង់គ្លេស ឬ SCAF ជាភាសាបារាំង។
កន្លងមក អាល្លឺម៉ង់បានបញ្ជាទិញយន្តហោះចម្បាំងអាមេរិក F-35 ចំនួន ៣៥គ្រឿងរួចស្រេចហើយ ដើម្បីប្រើជំនួសយន្តហោះពិឃាត Tornado ចំនួន ៨៥គ្រឿងរបស់ខ្លួន ដែលមានអាយុកាលចាស់ៗ ហើយត្រៀមដាក់ឱ្យចូលនិវត្តន៍។
យន្តហោះ F-35 នឹងជំនួសយន្តហោះ Tornado ក្នុងតួនាទីដឹកជញ្ជូនគ្រាប់បែកនុយក្លេអ៊ែរអាមេរិក ដែលស្តុកទុកនៅអាល្លឺម៉ង់ ក្នុងករណីមានសង្រ្គាមផ្ទុះឡើង។
គួរកត់សម្គាល់ F-35 គឺជាយន្ដហោះចម្បាំងបំបាំងកាយល្អដាច់គេនៅលើពិភពលោក ផលិតឡើងដោយក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin។ វាមានកៅអីសម្រាប់ពីឡុតតែម្នាក់គត់ និងជាប្រភេទយន្ដហោះចម្បាំងពហុតួនាទីជំនាន់ទី៥ ដែលត្រូវបានរចនាឡើងសម្រាប់ការវាយប្រហារទាំងលើផ្ទៃអាកាស និងទៅលើដី។
F-35 មានតម្លៃក្នុងមួយគ្រឿងចាប់ពី ៨០ ទៅ ១០០លានដុល្លារទៅតាមប្រភេទយន្ដហោះចម្បាំងនេះ ដែលមានសរុបចំនួនបីប្រភទគឺ៖ ទី ១ ប្រភេទ F-35A ជាប្រភេទយន្ដហោះចម្បាំងអាចហោះឡើង និងចុះចតធម្មតា, ទី ២ ប្រភេទ F-35B អាចហោះឡើង និងចុះចតដូចឧទ្ធម្ភាគចក្រ និងទី ៣ ប្រភេទ F-35C ជាប្រភេទយន្ដហោះចម្បាំងសម្រាប់ដាក់ឲ្យដំណើរការលើនាវាផ្ទុកយន្ដហោះចម្បាំង៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា