មេធំអ៊ីរ៉ង់ឲ្យលោកត្រាំ បន្តយល់សប្តិ ដែលថាបានបំផ្លាញទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់
តេហេរ៉ង់ ៖ មេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេណេ កាលពីថ្ងៃចន្ទ បាននិយាយផ្តាំទៅលោក ត្រាំ មេដឹកនាំអាមេរិក ឲ្យបន្តយល់សប្តិ ដែលគិតថា អាមេរិកបានបំផ្លាញទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។
លោកបានច្រានចោល ការអះអាង របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថា ទីតាំងនុយក្លេអ៊ែរ របស់សាធារណរដ្ឋអ៊ីស្លាម មួយនេះ ត្រូវបានបំផ្លាញ ដោយសារការវាយប្រហារ របស់សហរដ្ឋអាមេរិក កាលពីខែមិថុនា។
នៅក្នុងសេចក្តីថ្លែងការណ៍ លើគេហទំព័រផ្លូវការ លោក Khamenei បានប្រាប់ទៅលោក Trump ឱ្យ “បន្តសុបិន” ជុំវិញការអត្ថាធិប្បាយ លើការបំផ្លិចបំផ្លាញ និង បានចោទសួរអំពីសិទ្ធិ នៃការនិយាយ របស់លោក Trump ដែលថា ប្រទេសណាមួយគួរមាន ឬ មិនគួរមានឧស្សាហកម្មនុយក្លេអ៊ែរ។
នៅពាក់កណ្តាលខែមិថុនា អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការ ទម្លាក់គ្រាប់បែក ដែលមិនធ្លាប់មាន ពីមុនមក លើប្រទេសអ៊ីរ៉ង់។ សហរដ្ឋអាមេរិកបានចូលរួមបន្ត ដោយបានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ សំខាន់ៗ។
កាលពីសប្តាហ៍មុន ក្នុងអំឡុងពេល នៃសុន្ទរកថា នៅឯសភារបស់ប្រទេសអ៊ីស្រាអែល លោក Trump បានរំលឹកឡើងវិញថា សហរដ្ឋអាមេរិកបានបញ្ជាក់ពី “ការលុបបំបាត់” ទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងអំឡុងពេលនៃការវាយប្រហារ។
លោកបាននិយាយថា «ដូច្នេះយើងបានទម្លាក់គ្រាប់បែកចំនួន ១៤ គ្រាប់ ទៅលើកន្លែងនុយក្លេអ៊ែរសំខាន់ៗ របស់អ៊ីរ៉ង់…. ខ្ញុំបាននិយាយ កាលពីដើមហើយថា បំផ្លាញទីតាំងទាំងនោះ អស់ហើយ»។
នៅក្នុងបទសម្ភាសន៍ កាលពីថ្ងៃអាទិត្យ ជាមួយ Fox News លោក Trump ក៏បាននិយាយផងដែរថា អ៊ីរ៉ង់ “លែងក្លាយជាអ្នកគំរាមកំហែងនៃមជ្ឈិមបូព៌ា” បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលបាន “បំផ្លាញសមត្ថភាពនុយក្លេអ៊ែររបស់ពួកគេ” ។ លោកបានហៅការវាយប្រហារនោះជា «ប្រតិបត្តិការយោធាដ៏ស្រស់ស្អាតបំផុត»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត