ក្រុមហ៊ុន Picasso ធ្វើបទបង្ហាញការចុះបញ្ជី និងការជួញដូរលក់ភាគហ៊ុន សម្រាប់បោះផ្សាយមូលបត្រកម្មសិទ្ធិលើកដំបូងក្នុងទីផ្សារភាគហ៊ុននៅកម្ពុជា
ភ្នំពេញ ៖ ក្រុមហ៊ុន Picasso City Garden Development PLC បានធ្វើបទបង្ហាញពីការចុះបញ្ជីទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា ក្នុងការទទួលបានសិទ្ធិជួញដូរ និងលក់ភាគហ៊ុន សម្រាប់បោះផ្សាយមូលបត្រកម្មសិទ្ធិលើកដំបូងនៅក្នុងទីផ្សារភាគហ៊ុនក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងព្រឹត្តិការណ៍ IPO Roadshow ស្ដីពីការបោះផ្សាយមូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈរបស់ក្រុមហ៊ុន Picasso City Garden Development PLC នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត អគ្គនាយក និងជាស្ថាបនិក នៃក្រុមហ៊ុន ECON GROUP និងជាដៃគូសហការជាមួយក្រុមហ៊ុន Picasso City Garden Development PLC បានគូសបញ្ជាក់ថា ការផ្សព្វផ្សាយពីព្រឹត្ដិការណ៍នេះ ក្នុងនាមជាដៃក្រុមហ៊ុន Picasso City Garden Development PLC ដើម្បីបង្ហាញនូវចក្ខុវិស័យ និងដំណើររបស់ក្រុមហ៊ុន ក្នុងការផ្លាស់ប្តូរពីក្រុមហ៊ុនឯកជន ទៅជាក្រុមហ៊ុនសាធារណៈតាមរយៈដំណើរការចុះបញ្ជី IPO។

អ្នកឧកញ៉ាបានបញ្ជាក់ថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាដំណាក់កាលដ៏សំខាន់មួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន ដែលមានន័យថា Picasso City Garden មិនត្រឹមតែជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យតែមួយមុខទេ ប៉ុន្តែជាសញ្ញាសម្គាល់នៃសុចរិតភាព ឆ្ពោះទៅរកភាពថ្លៃថ្នូរ និងភាពចីរភាព។ អ្នកឧកញ៉ាបណ្ឌិតបានបញ្ជាក់ទៀតថា គោលបំណងសំខាន់របស់យើង គឺមិនត្រឹមតែបង្កើតអគារស្អាតៗ ឬគម្រោងអភិវឌ្ឍន៍ទំនើបៗទេ ប៉ុន្តែគឺបង្កើតជីវិត និងសហគមន៍ដែលមានគុណភាព។ ដូច្នេះ ការចុះបញ្ជីជាសាធារណៈ (IPO) គឺជាជំហានដ៏សំខាន់មួយ ដើម្បីធានាថា ការអភិវឌ្ឍរបស់យើង មានភាពបើកចំហមានតម្លាភាព និងអាចទទួលបានការគាំទ្រពីសាធារណជន និងវិនិយោគិនទូទាំងប្រទេស និងអន្តរជាតិ។

បើតាមអ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត, នេះគឺជាឱកាសល្អក្នុងការចូលរួមទិញនូវភាគហ៊ុនពីក្រុមហ៊ុន Picasso ដែលជាឱកាសមួយល្អ និងមានតម្លៃទាបដោយក្នុង១ហ៊ុន តម្លៃត្រឹមតែ ៤ ៨០០ រៀល និងទទួលបានការប្រាក់ខ្ពស់ក្នុងអត្រា ៧ភាគរយ ក្នុងមួយឆ្នាំផងដែរ។ អ្នកឧកញ៉ាបណ្ឌិតបានលើកឡើងថា តាមប្រវត្ដិរបស់ក្រុមហ៊ុនគឺមានភាពជឿជាក់ ច្បាស់លាស់ និងរឹងមាំ ដោយសារតែក្រុមហ៊ុនល្អ មានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់រឹងមាំ ដែលចុះបញ្ជីទទួលបានអាជ្ញាបណ្ណនៅទីផ្សារមូលបត្រកម្ពុជា និងជាក្រុមហ៊ុនស្ថិតនៅក្នុងលំដាប់លេខរៀងទី១២។ អ្នកឧកញ៉ាក៏បានពន្យល់បន្ថែមពាក់ព័ន្ធនឹងការឈានទៅដល់ដំណើរការឆ្លងកាត់ IPO នេះ ដោយអះអាងថា ក្រុមហ៊ុនត្រូវឆ្លងកាត់ដំណាក់កាលពីមួយជំហានទៅមួយជំហានគឺក្រុមហ៊ុនត្រូវមានទំនុកចិត្ដទាំងហិរញ្ញាវត្ថុ ទាំងទ្រព្យសម្បត្ដិ និងអ្វីៗទាំងអស់ដែលមានការទទួលស្គាល់នៅលើទីផ្សារទាំងជាតិ និងអន្ដរជាតិ និងជាទស្សនៈវិស័យរបស់ក្រុមហ៊ុនក្នុងការឈានជើងចូលក្នុងចុះបញ្ជីនៅផ្សារភាគហ៊ុន។

អ្នកឧកញ៉ាបណ្ឌិតក៏បានអះអាងផងដែរថា តាមការសិក្សារបស់ក្រុមហ៊ុនក្នុងរយៈពេលកន្លងមកគឺសំខាន់ណាស់ មុននឹងឈានដល់កម្រិត IPO បាន ក្រុមហ៊ុនត្រូវតែច្បាស់លាស់ និងមានលក្ខណៈគ្រប់គ្រាន់ដោយត្រូវពិនិត្យមើលទាំងហិរញ្ញវត្ថុ ទាំងទ្រព្យសម្បត្ដិ ដែលធ្វើឱ្យរាជរដ្ឋាភិបាល ពិសេសនិយ័តករមូលបត្រកម្ពុជាចេញនូវអាជ្ញាបណ្ណផ្ដល់ជូនឱ្យក្រុមហ៊ុន ខណៈក្រុមហ៊ុនធម្មតា ដែលមិនមានហិញ្ញវត្ថុគ្រប់គ្រាន់មិនអាចចូលទៅក្នុងការទទួលបាន IPO ឬអាជ្ញាបណ្ណ សម្រាប់ធ្វើការជួញដូរ ឬទិញលក់ភាគហ៊ុនបាននោះទេ។

អ្នកឧកញ៉ាបានបន្ថែមថា៖ «ការចូលរួមទិញភាគហ៊ុនជាមួយក្រុមហ៊ុន Picasso នេះគឺជាការវិនិយោគសម្រាប់ទទួលបាននូវផលចំណេញដោយក្រុមហ៊ុនធានាផ្ដល់នូវការប្រាក់៧ភាគរយ ក្នុងមួយឆ្នាំ ហើយបើភាគហ៊ុនឡើងថ្លៃ យើងអាចលក់បាន តែបើទោះបីជាភាគហ៊ុននោះមិនឡើងថ្លៃ ឬមិនចំណេញយ៉ាងណាក្ដីក៏ក្រុមហ៊ុននៅតែផ្ដល់ជូនដល់បងប្អូនទាំងអស់ចំនួន៧ភាគរយដដែលផងដែរ។ បើនិយាយពីហានិភ័យនៃការខាតបង់របស់បងប្អូនដែលបានទិញភាគហ៊ុនពីក្រុមហ៊ុន Picasso គឺមិនមានការខាត់បង់នោះទេ ដែលនេះ គឺជាឱកាសល្អសម្រាប់ការសម្រេចចិត្ដចូលរួមទិញនូវភាគហ៊ុនជាមួយក្រុមហ៊ុន ដែលជាឱកាសមួយសម្រាប់កូនខ្មែរ អ្នកវិនិយោគ និងសហគ្រិនមួយចំនួនសម្រាប់ធ្វើការវិនិយោគជាមួយភាគហ៊ុននេះ។»

អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត បានមានប្រសាសន៍ការកត់សម្គាល់ថា បច្ចុប្បន្ននេះ ការទិញភាគហ៊ុននៅក្នុងទីផ្សារមូលបត្រកម្ពុជា ប្រជាពលរដ្ឋ ក៏ដូចជាសហគ្រិន និងអ្នកវិនិយោគមួយចំនួននៅមិនទាន់មានការយល់ដឹងច្រើននៅឡើយនោះទេ ហើយក៏មិនសូវមានការចូលរួម ឬទិញភាគហ៊ុន ការវិនិយោគ និងការយល់ដឹងពីទីផ្សារភាគហ៊ុននេះ នៅមិនទាន់បានទូលំទូលាយនៅឡើយ។ អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា៖ «យើងជឿជាក់ថា ការចុះបញ្ជីនេះនឹងមិនត្រឹមតែបន្ថែមសក្តានុពលហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនទេ ប៉ុន្តែវានឹងជួយលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជា ឱ្យទៅកាន់កម្រិតថ្មីដែលផ្អែកលើស្តង់ដារអន្តរជាតិ»៕





