លោក Trump គំរាមយកពន្ធធំបំផុត រហូតឥណ្ឌាឈប់ទិញប្រេងរុស្ស៊ី
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសព្រមានធ្ងន់ៗជាថ្មីថា ឥណ្ឌានឹងបន្តប្រឈមមុខនូវការបង់ពន្ធដ៏ធំសម្បើម បើសិននៅតែរឹងទទឹងមិនព្រមឈប់នាំចូលប្រេងពីរុស្ស៊ីនោះទេ។
ថ្លែងប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One លោកប្រធានាធិបតី Trump បាននិយាយថា លោកបានសន្ទនាជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា ហើយលោក Modi បានប្រាប់ថាឥណ្ឌានឹងមិនបន្តទិញប្រេងរុស្ស៊ីទៀតទេ។
នៅពេលត្រូវសាកសួរទាក់ទងនឹងការអះអាងរបស់ឥណ្ឌា ដែលថា ខ្លួនមិនបានដឹងពីការសន្ទនាណាមួយរវាងលោក Modi និង Trump ទេនោះ មេដឹកនាំអាមេរិករូបនេះបាបឆ្លើយតបវិញថា បើសិនឥណ្ឌានៅតែនិយាយបែបនេះ នោះឥណ្ឌានឹងបន្តបង់ពន្ធដ៏ធំសម្បើម។
ប្រេងរបស់រុស្ស៊ីបានក្លាយជាការខឹងសម្បារដ៏ធំមួយរបស់លោកប្រធានាធិបតី Trump ក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មដ៏យូរជាមួយឥណ្ឌា ដែលពាក់កណ្តាលនៃពន្ធ ៥០% របស់លោកលើទំនិញឥណ្ឌា គឺជាការសងសឹកចំពោះការទិញប្រេងទាំងនោះ។
រដ្ឋាភិបាលអាមេរិកនិយាយថា ប្រាក់ចំណូលប្រេងជាប្រភពផ្តល់មូលនិធិដល់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ ឥណ្ឌាបានក្លាយជាអ្នកទិញប្រេងដ៏ធំបំផុតរបស់រុស្ស៊ី បន្ទាប់ពីមានការលក់បញ្ចុះតម្លៃ ក្រោយបណ្តាប្រទេសលោកខាងលិចបានបដិសេធទិញ និងដាក់ទណ្ឌកម្មរុស្ស៊ី ឆ្លើយតបការលុកលុយប្រឆាំងនឹងអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២៕
ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា