ស្ថានទូតឥណ្ឌូនេស៊ី ស្នើសុំបង្កើតឱ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅលើផ្លូវថ្មើជើងចតុមុខ (Chaktomuk Walk Street)

(ភ្នំពេញ)៖ ឯកឧត្ដម សាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងបង្កើតឲ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅលើផ្លូវថ្មើជើងចតុមុខ (Chaktomuk Walk Street)។

គម្រោងនេះនឹងត្រូវធ្វើឡើងនៅនៅថ្ងៃទី២២ ឬ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីបង្ហាញពីវប្បធម៌ ទំនៀមទំលាប់ របាំប្រពៃណី និងម្ហូបអាហារឥណ្ឌូនេស៊ីនៅទីនេះ ។

នេះជាការបង្ហាញជាមួយនឹងការសូមអនុញ្ញាតពីអាជ្ញាធររាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២១ តុលាឆ្នាំ២០២៥នេះ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្តម សាន់តូ ជាម៉ូស៊ូម៉ាតូ បានមានប្រសាសន៍ថា ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនៅកម្ពុជា មានចំនួន កាន់តែកើនឡើង ។ ទន្ទឹមនិងកំណើននេះ ឯកឧត្ដម ក៏បានថ្លែងនូវការអរគុណ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ ក្នុងការសម្រួលដល់ការរស់នៅ និងការរកស៊ីរបស់ប្រជាពលរដ្ឋឥណ្ឌូនេស៊ីនៅរាជធានីភ្នំពេញ ។

ជាកិច្ចឆ្លើយតប និងការស្នើសុំរបស់ស្ថានទូតឥណ្ឌូនេស៊ី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសម្រេចផ្ដល់ជូនទៅឲ្យឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បង្កើតឲ្យផ្សាររាត្រីឥណ្ឌូនេស៊ីនៅផ្លូវថ្មើជើងចតុមុខ (Chaktomuk Walk Street) ដោយ ឯកឧត្ដម ស្នើឲ្យស្ថានទូត ឥណ្ឌូនេស៊ីជ្រើសរើសទីតាំងឲ្យបានច្បាស់លាស់ដើម្បីឲ្យអាជ្ញាធរ ក៏ដូចជាកងកម្លាំងរបស់រាជធានីភ្នំពេញ អាចការពារសន្តិសុខជូនឲ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ដែរថា៖ នៅផ្លូវថ្មើជើងចតុមុខ មានទីតាំងលក់សម្ភារៈប្រើប្រាស់ អាហារហូបចុក ជម្រុះជាតិសាសន៍ មានរបាំងប្រពៃណី និងលក់វត្ថុអនុស្សាវរីយ៍ ដែលអាចឲ្យភ្ញៀវបរទេស មកដើរលេងកំសាន្តបានយ៉ាងសប្បាយ ។

ឯកឧត្ដម ឃួង ស្រេង បញ្ជាក់ថា សម្រាប់កម្ពុជា និង ឥណ្ឌូនេស៊ី មានទំនាក់ទំនងការទូតជាមួយគ្នាតាំងពីឆ្នាំ១៩៥៩មកម៉្លេះ ដែលគិតមកដល់ពេលនេះគឺមានរយៈពេល ៦៦ឆ្នាំហើយ។ ឥណ្ឌូនេស៊ីបានរួមចំណែកស្វែងរកសន្តិភាពពីសំណាក់ឥស្សរជនកំពូលៗរបស់សាធារណរដ្ឋឥណ្ឌូនេស៊ី នោះគឺលោកស៊ូកាណូ (Soekano) និងលោកអាលីអាឡាតាស(Ali Alatas)។

ដើម្បីតបស្នងសងគុណចំពោះឥស្សរជនទាំងពីរ សម្ដេចតេជោហ៊ុនសែន និងសម្តេចធិបតីហ៊ុន ម៉ាណែត បានប្រសិទ្ធនាម ផ្លូវចំនួន ២ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលខ្សែទី១ ផ្លូវបេតុងអារម៉េប្រវែង ៦ ២០១ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់គល់ស្ពាន ព្រែកព្នៅ ជា “មហាវិថី ស៊ូកាណូ” (Soekano Boulevard) និងខ្សែទី២ ផ្លូវបេតុងម៉េប្រវែង៥ ៣៥៤ម៉ែត្រ ទទឹងប្រវែង ១៥ម៉ែត្រ ចាប់ពីផ្លូវខ្សែទី១ ក្បែរទីតាំងស្ពានព្រែកតាសេក រហូតដល់រង្វង់មូលមហាវិថីឈ្នះ-ឈ្នះ ជា “មហាវិថី អាលី អាឡាតាស់” (Ali Alatas Boulevard)។ឈ្មោះផ្លូវទាំងពីរខ្សែនេះនឹងសម្ពោធជាផ្លូវការ នៅពេលខាងមុខនេះ។

បន្ថែមពីនេះ ឯកឧត្ដមឃួង ស្រេងក៏បានថ្លែងអំណរអរគុណយ៉ាងជាជ្រៅផងដែរ ចំពោះអនុព័ន្ធយោធារបស់ឥណ្ឌូណេស៊ី ដែលបានចុះត្រួតពិនិត្យបទឈប់បាញ់ រវាងកម្ពុជានិងថៃនៅព្រំដែនក្រោយពីការប៉ះទង្គិចគ្នាប្រាំថ្ងៃ ដែលបានធ្វើឲ្យ កាត់បន្ថយបាននូវការស្លាប់និងរបួសទាហានកម្ពុជានិងទាហានថៃ។ ឯកឧត្ដមអភិបាលក៏សូមអរគុណផងដែរចំពោះស្ថានទូតឥណ្ឌូនេស៊ី ដែលបានជួយ កម្ពុជាកន្លងមក។ ឯកឧត្ដមឃួង ស្រេង នូវបានស្នើឱ្យអគ្គរដ្ឋទូតឥណ្ឌូនេស៊ីផ្ដល់ភាពយុត្តិធម៌ជូនកម្ពុជា។ កម្ពុជាឆ្អែតឆ្អន់ ចំពោះសង្គ្រាមហើយ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner