បារាំងបាញ់ទូករត់ពន្ធគ្រឿងញៀន ក្នុងមហាសមុទ្រអាត្លង់ទិក

ប៉ារីស ៖ អាជ្ញាធរបាននិយាយ កាលពីថ្ងៃអង្គារថា កងទ័ពជើងទឹកបារាំងបានបើកការបាញ់ប្រហារ លើទូកល្បឿនលឿន រត់ពន្ធគ្រឿងញៀន នៅក្នុងមហាសមុទ្រអាត្លង់ទិក។

ប្រភពបញ្ជាក់ថា ប្រតិបត្តិការនេះ បានចាប់ខ្លួននាវិក និង រឹបអូសបាន កូកាអ៊ីន ចំនួន ២.៤ តោន នៅលើទូក ដែលមានតម្លៃ ១៥០លានដុល្លារ។

ការស្ទាក់ចាប់ ដោយបង្ខំ បានកើតឡើង កាលពីយប់ថ្ងៃសុក្រ សប្តាហ៍មុន នៅខាងក្រៅប្រជុំកោះ រវាង ប្រទេស ព័រទុយហ្គាល់ និង ម៉ារ៉ុក នេះបើយោងតាមអាជ្ញាធរ ដែនសមុទ្រ របស់ប្រទេសបារាំង ទទួលបន្ទុក នៅមហាសមុទ្រអាត្លង់ទិក។

ប្រភពបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ដោយមានការសម្របសម្រួល ជាមួយប៉ូលីសសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ហើយក្នុងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរ ព័រទុយហ្គាល់ និងអេស្ប៉ាញ។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា «ការប្រើប្រាស់កម្លាំង គឺជាការចាំបាច់ដើម្បីរារាំង ព្រោះ ទូកបដិសេធ មិនគោរព តាមការណែនាំ ឲ្យឈប់»។

កូកាអ៊ីន សរុបចំនួន ២,៣៧៣ គីឡូក្រាម ត្រូវបានរកឃើញ និង រឹបអូសនៅលើទូក ដែលមានតម្លៃប៉ាន់ស្មាន ១២៨លានអឺរ៉ូ ឬ ១៥០ លានដុល្លារអាមេរិក។ នាវិកត្រូវបានចាប់ខ្លួន តែ សេចក្តីថ្លែងការណ៍ មិនបានផ្តល់ព័ត៌មានអំពីសញ្ជាតិ របស់ជនសង្ស័យរត់ពន្ធគ្រឿងញៀន ទាំងនោះទេ។

គួរបញ្ជាក់ថា នាវាចម្បាំងរបស់កងទ័ពជើងទឹក ផ្ទុកឧទ្ធម្ភាគចក្រ ត្រូវបានដាក់ពង្រាយ រួមជាមួយនឹងយន្តហោះស៊ើបការណ៍ របស់កងទ័ពជើងទឹក និង នាវាឆ្មាំឆ្នេរសមុទ្របារាំង កំពុងធ្វើប្រតិបត្តិការ បញ្ឈប់ទូករត់ពន្ធគ្រឿងញៀន នេះបើតាមប្រភពដដែល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner