Amazon នឹងប្រើមនុស្សយន្តជំនួសកម្មករជាងកន្លះលាននាក់ត្រឹមឆ្នាំ ២០៣៣

វ៉ាស៊ីនតោន ៖ ក្នុងគោលបំណងប្រែក្លាយខ្លួនជានយោជក់ធំជាងគេលំដាប់ទី ២ នៅក្នុងសហរដ្ឋអាមេរិក, Amazon បានបញ្ចេញផែនការប្រកបដោយមហិច្ឆិតាមួយ ដែលគ្រោងនឹងដាក់ដំណើរការមនុស្សយន្តរាប់លានគ្រឿង ដើម្បីជំនួសឱ្យការជួលកម្មករជាងកន្លះលាននាក់នៅត្រឹមឆ្នាំ ២០៣៣។ នេះបើតាមការចេញផ្សាយដោយកាសែត New York Times កាលពីថ្ងៃអង្គារ ដោយស្រង់ព័ត៌មានឯកសារផ្ទៃក្នុងដែលបែកធ្លាយ។

ផ្អែកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Straits Times, គោលដៅប្រើមនុស្សយន្តក្នុងបរិមាណដ៏ច្រើនបែបនេះ គឺដោយសារតែក្រុមហ៊ុន Amazon ចង់ជំរុញបច្ចេកវិទ្យាស្វ័យប្រវត្តិកម្មឱ្យកើនឡើង៣ភាគ៤ នៃប្រតិបត្តិការរបស់ក្រុមហ៊ុន។ តួយ៉ាង ក្រុមការងារមនុស្សយន្តរបស់ Amazon កំពុងប្រឹងប្រែងធ្វើការ ដើម្បីឆ្ពោះទៅរកស្វ័យប្រវត្តិកម្មដល់ទៅ ៧៥ភាគរយនៃប្រតិបត្តិការរបស់ក្រុមហ៊ុន។

យោងតាមឯកសារដែលបែកធ្លាយបានឱ្យដឹងថា យុទ្ធសាស្រ្តនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើពាណិជ្ជកម្មតាមអនឡាញយក្សមួយនេះ អាចជៀសវាងការជួលកម្មករថ្មីជាង ១៦០,០០០នាក់នៅត្រឹមឆ្នាំ ២០២៧ ហើយជំនួសដោយបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម។

ចក្ខុវិស័យនេះទៀតសោត ក៏នឹងជួយសន្សំលុយចំនួន ៣០សេន រាល់ទំនិញមួយមុខៗ ដែលក្រុមហ៊ុន Amazon ស្ដុកទុក ឬដឹកជញ្ជូន។ និយាយជារួម បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មនឹងជួយសន្សំលុយក្រុមហ៊ុនរហូតដល់ ១២,៦ពាន់លានដុល្លារ នៅចន្លោះឆ្នាំ ២០២៥ និង ២០២៧។

យោងតាមឯកសារបានឱ្យដឹងថា ក្រុមហ៊ុន Amazon គ្រោងនឹងជំរុញការលក់ផលិតផលរបស់ខ្លួនឱ្យកើនឡើងទ្វេដងរហូតដល់ឆ្នាំ ២០៣៣ ដោយប្រើប្រាស់មនុស្សយន្តជំនួសឱ្យការជួលកម្លាំងពលកម្មរបស់មនុស្ស។

សូមរម្លឹកថា ចាប់តាំងពីឆ្នាំ ២០១៨ កម្លាំងពលកម្មរបស់ក្រុមហ៊ុន Amazon នៅសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងខ្លាំង ជាមួយនឹងការជួលកម្មករហក់ឡើងខ្ពស់បំផុតរហូតដល់ ១.២លាននាក់៕

ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner