អង្គការផលិតភាពអាស៊ីAPO ប្រគល់ពាន់រង្វាន់ជាតិ APO National Award ដល់ក្រុមហ៊ុន ហសគ្រាសឆ្នើមចំនួនពីរនៅកម្ពុជា
(ភ្នំពេញ)៖ ក្រុមហ៊ុន សហគ្រាសឆ្នើមរបស់កម្ពុជាចំនួនពីរ ដែលមានស្នាដៃល្អ នៅក្នុងការខិតខំប្រឹងប្រែងបង្កើនផលិតភាព និងជម្រុញផលិតផលជាតិ ត្រូវបានជ្រើសរើសឲ្យទទួលបានពានរង្វាន់ជាតិ ពីអង្គការផលិតភាពអាស៊ី(APO)ឆ្នាំ2025 ។ ការផ្តល់ជូនពានរង្វាន់ជាតិ APO National Award ឆ្នាំ២០២៥ ដល់ក្រុមហ៊ុន សហគ្រាសទាំងពីរនេះក៏នៅបន្ទាប់ពីឆ្លងកាត់ការប្រឡងប្រណាំង និងការជ្រើសរើសយ៉ាងសម្រិតសម្រាំងពីអង្គការផលិតភាពអាស៊ី(APO) ។
ការប្រគល់ពានរង្វាន់ជាតិនោះ បានប្រព្រឹត្តទៅនៅក្នុងពិធីមួយ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០៥ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្រោមការរៀបចំដោយអង្គការផលិតភាពអាស៊ី APO និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។ ក្រុមហ៊ុន សហគ្រាសដែលបានទទួលពានរង្វាន់ ក្នុងឱកាសនោះរួមមាន ៖ ក្រុមហ៊ុន អេរ៉ូទិច នីហរ័ណ អាហរ័ណ ដែលបានចូលរួមអនុវត្តគម្រោងក្រុមហ៊ុនគម្រូរបស់អង្គការផលិតភាពអាស៊ី (APO) ក្រោមការដឹកនាំ និងសម្របសម្រួលដោយមជ្ឈ មណ្ឌលផលិតភាពជាតិ និងក្រុមហ៊ុន Best Life Products Co., Ltd ជាសិប្បកម្មផ្ទះត្រចៀកកាំ ដែលបានសហការជាមួយមជ្ឈមណ្ឌលផលិតភាពជាតិ ក្រោមគម្រោងផ្សេងៗ របស់អង្គការផលិតភាពអាស៊ី (APO) តាំងពីឆ្នាំ ២០១៦ មក។
ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាក្រសួងឧស្សាហកម្ម ដែលអញ្ជើញចូលរួមជាអធិបតីក្នុងឱកាសនោះបានថ្លែងថា តាមរយៈពានរង្វាន់នេះ បានបង្ហាញពីការរីកចម្រើននៃវិស័យផលិតភាពក្នុងប្រទេសកម្ពុជា ការចែករំលែកចំណេះដឹង ការលើកកម្ពស់ផលិតភាព ការប្រឹក្សាគោលនយោបាយអភិវឌ្ឍន៍ផលិតភាព ការគិតគូរពីយុទ្ធសាស្ត្របង្កើនផលិតភាព ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងស្ថាប័ន ឬអង្គភាព ក្រោមការជួយឧបត្ថម្ភគាំទ្រពីអង្គការ APO។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានចាត់ទុកវិស័យឧស្សាហកម្មជាវិស័យស្នូល សម្រាប់ជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលកើតមកពីប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន បង្កើនបរិមាណផលិតផលប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពប្រកួតប្រជែងក្នុងទីផ្សារជាតិ និងអន្តរជាតិ។
លោក អ៊ុ សេរីវុទ្ធ ប្រធានមជ្ឈមណ្ឌលផលិតភាពជាតិ បានថ្លែងដែរថា ឆ្នាំ២០២៥នេះ ក្រសួងឧស្សាហកម្ម បានជំរុញការអនុវត្តផលិតភាព ខិតខំបង្កើនកម្មវិធីផ្សព្វផ្សាយ បណ្តុះបណ្តាលអំពីផលិតភាព តាមរយៈកម្មវិធីប្រចាំឆ្នាំដល់វិស័យឯកជន និងមន្រ្តីពីស្ថាប័ន ឬអង្គភាពរដ្ឋ សំដៅបញ្ជ្រាបវិធីសាស្រ្តលើកកម្ពស់ផលិតភាពឲ្យកាន់តែមានវិសាលភាព នៅទូទាំងប្រទេស ដើម្បីផ្តល់ឱកាសសម្រាប់អ្នកធុរកិច្ច ចូលរួមទទួលយកចំណេះដឹងបន្ថែមសម្រាប់ការគ្រប់គ្រងអាជីវកម្ម ប្រកបដោយប្រសិទ្ធភាព ។
សូមបញ្ជាក់ថា អង្គការផលិភាពអាស៊ី APO ជាអង្គការអន្តរជាតិក្នុងតំបន់មួយ ដែលមិនរើសអើងពូជសាសន៍ មានទីស្នាក់ការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៦១ ដើម្បីលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសសមាជិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយកម្ពុជាដើម្បីបង្កើនផលិតភាពរបស់ខ្លួនឲ្យទាន់ពិភពលោក បានចូលជាសមាជិកអង្គការនេះ តាំងពីឆ្នាំ២០០៤មកម្លេះ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ វ៉េង លឹមហួត











