អភិបាលខេត្តបាត់ដំបង៖អ្នកដែលប្រព្រឹត្តបទល្មើសនេសាទ “ខុសច្បាប់” ត្រូវតែចាត់វិធានការច្បាប់

បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបាន លើកទឹក ចិត្តដល់សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តអនុវត្ត​វិធានការ​ច្បាប់ដោយម៉ឺងម៉ាត់ បំផុត និងមិនត្រូវលើកលែងចំពោះអ្នកដែលប្រព្រឹត្តបទល្មើសនេសាទ ដោយខុសច្បាប់ ខណៈអ្នក​ប្រព្រឹត្ត​បទល្មើសនេសាទ នៅតែបន្តកើត មាន។

ក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខកងកម្លាំងដែលកំពុងប្រចាំការនៅតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្រ្ត​ខេត្តបាត់ដំបង ដែលរៀបចំ ឡើងក្នុងបរិវេណវត្តអន្លង់តាអ៊ួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ កាលពី ពេលថ្មីៗនេះឯកឧត្តមអភិបាលខេត្តបាត់ដំបងបានស្តាប់នូវសេចក្តីរាយការណ៍និងការលើកឡើងពីអារម្មណ៍សប្បាយរីករាយរបស់កងកម្លាំង ដែលបានបំពេញភារកិច្ចទប់ស្កាត់ និងចុះធ្វើការបង្រ្កាបនូវ រាល់បទ ល្មើសនេសាទ នៅតំបន់បឹងទន្លេសាបតាមបទបញ្ជារបស់ប្រមុខ រាជរដ្ឋាភិបាល។ជាជាក់ស្ដែងបន្ទាប់ពីមានការចុះបង្រ្កាបពីកងកម្លាំង យោធាឃើញថា ក្នុងរយៈពេល១ឆ្នាំ​ទៅ២​ឆ្នាំចុងក្រោយ ទិន្នផលត្រី នៅក្នុងតំបន់បឹងទន្លេសាប ចាប់ផ្តើមមានការកើនឡើង វិញគួរឱ្យកត់ សម្គាល់។

បន្ថែមទៅលើអ្វីដែលកងកម្លាំងបានរាយការណ៍ ឯកឧត្តមអភិបាលខេត្តបាត់ដំបង និងជាប្រធានគណ:បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តបានកោតសរសើរដល់កងកម្លាំង អាជ្ញាធរ និងមន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ដែល​បានយកអស់​កម្លាំង​កាយចិត្តក្នុងការទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសនេសាទ និងបទល្មើសផ្សេងទៀតដែលកើតមាន។ឯកឧត្តមបាន
ជំរុញបន្ថែមក្នុងការអនុវត្តច្បាប់ចំពោះជនដែលប្រព្រឹត្តបទល្មើសនេសាទ ដោយមិនមានការបន្ធូរដៃ។

ប្រាប់ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះដែរ ឯកឧត្តម សុខ លូ បញ្ជាក់ថា ដាច់ខាតសូមកុំប្រើប្រាស់ឧបករ
ណ៍នេសាទខុសច្បាប់ ដែលច្បាប់បានកំណត់និងហាមឃាត់ជាដាច់ខាត។សូមចូលរួមក្នុងការគោរពច្បាប់ មិនត្រូវ​ធ្វេសប្រហែស កុំបន្តបំពានល្មើសច្បាប់ដែលបានណែនាំកន្លងមក។

ឯកឧត្តមក៏បានអំពាវនាវត្រូវចូលរួមនាំគ្នាថែរក្សាការពារព្រៃលិចទឹក និងកុំទន្រ្ទានកាន់កាប់ដីព្រៃលិចទឹកក្នុងតំបន់បី និងដីសហគមន៍ដែលរាជរដ្ឋាភិបាលបានសម្រេចកាត់ឆ្វៀលវាស់វែងរួចរាល់អស់ហើយ៕

អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner