កូរ៉េខាងត្បូងទទូចឱ្យលោក ត្រាំ ឆ្លៀតជួបលោក គីម បង្កើតសន្តិភាព
សេអ៊ូល ៖ កូរ៉េខាងត្បូងបានចេញមុខអំពាវនាវដោយផ្ទាល់ឱ្យលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឆ្លៀតជួបលោក គីម ជុងអ៊ុន នៅពេលធ្វើដំណើរមកកាន់តំបន់អាស៊ី និងជំរុញមេដឹកនាំទាំងពីរក្តាប់យកឱកាសដ៏កម្រនេះបង្កើតសន្តិភាពភ្លាមៗតែម្តង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុបហាប់។

លោកប្រធានាធិបតី ត្រាំ បានចាកចេញពីទីក្រុងវ៉ាស៊ីនតោនកាលពីយប់ថ្ងៃសុក្រ ក្នុងគោលបំណងបំពេញទស្សនកិច្ចរយៈពេល ៥ថ្ងៃមកកាន់តំបន់អាស៊ី រួមមានម៉ាឡេស៊ី ជប៉ុន និងកូរ៉េខាងត្បូង ដែលនេះជាទស្សនកិច្ចក្នុងតំបន់លើកដំបូងរបស់គាត់ ចាប់តាំងពីឡើងកាន់តំណែងផ្លូវការកាលពីខែមករាដើមឆ្នាំ។
លោក ឆុង ដុងយ៉ុង ដែលជារដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង និងជាមន្រ្តីកំពូលទទួលបន្ទុកកិច្ចការផ្សះផ្សារទំនាក់ទំនងបងប្អូនកូរ៉េទាំងពីរឡើងវិញ បាននិយាយក្នុងថ្ងៃសុក្រថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ត្រាំ មកកាន់កូរ៉េខាងត្បូង គឺជាឱកាសធ្លាក់ពីលើមេឃ ដែលអាចជួយស្ទួយស្តារសេដ្ឋកិច្ច និងមុខមាត់កូរ៉េខាងជើងនៅលើឆាកអន្តរជាតិ។
រដ្ឋមន្រ្តីបង្រួបបង្រួមកូរ៉េខាងត្បូងរូបនេះ បានសង្កត់ធ្ងន់ទៀតថា ទាំងមេដឹកនាំអាមេរិក និងទាំងកូរ៉េខាងជើង គួរកុំឱ្យឱកាសដ៏កម្រនេះរំលងទៅមុខឥតប្រយោជន៍ ហើយមេដឹកនាំទាំង២ក៏ត្រូវតែធ្វើការសម្រេចចិត្តដ៏ក្លាហានមួយ ដើម្បីបង្កើតស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ផងដែរថា លោកប្រធានាធិបតី ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោក គីម បានជួបមុខគ្នាដោយផ្ទាល់នៅភូមិ ផាន់មុនជុម ស្ថិតនៅជាប់តំបន់ព្រំដែនអន្តរកូរ៉េកាលពីឆ្នាំ២០១៩ ដែលនេះជាជំនួបរៀបចំឡើងភ្លាមៗឥតព្រាងទុក បន្ទាប់ពីលោក ត្រាំ បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោក៕
ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា
