ជប៉ុនបញ្ចេញយន្តហោះចម្បាំង ក្រោយយន្តហោះផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែររុស្ស៊ីហោះកៀកដែនអាកាសខ្លួន

តូក្យូ ៖ ប្រទេសជប៉ុនបានបញ្ចេញយន្តហោះចម្បាំងជាច្រើនគ្រឿង កាលពីថ្ងៃសុក្រ ទៅតាមដានកងយន្តហោះសង្គ្រាមរបស់រុស្ស៊ី ក្នុងនោះរួមមានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ដែលបានហោះហើរក្បែរដែនអាកាសរបស់ប្រទេសជប៉ុន។

គ្មានការប្រយុទ្ធគ្នាណាមួយកើតឡើងទេ ប៉ុន្តែហេតុការណ៍នេះកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុនថ្មី លោកស្រី Sanae Takaichi បានសន្យាអំឡុងសន្ទរកថាលើកដំបូងរបស់លោកស្រី នៅចំពោះមុខសភាថានឹងពង្រឹងវិស័យការពារជាតិរបស់ប្រទេសជប៉ុន។

ជាមួយគ្នានេះ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjiro Koizumi បានបង្ហោះសារលើបណ្តាញសង្គម X ថា យន្តហោះទម្លាក់គ្រាប់បែក Tu-95 ចំនួនពីរគ្រឿង អមដោយយន្តហោះចម្បាំង Su-35 ចំនួនពីរគ្រឿង ដំបូងឡើយបានហោះឆ្ពោះទៅកាន់កោះ Sado របស់ជប៉ុន មុនពេលងាកទៅភាគខាងជើង។

ប្រមុខការពារជាតិជប៉ុនរូបនេះបន្ថែមថា រុស្ស៊ីតែងធ្វើប្រតិបត្តិការយោធាប្រចាំថ្ងៃ នៅជុំវិញប្រទេសជប៉ុន ខណៈដែលពួកគេកំពុងជាប់ដៃប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន ដែលនេះជាការពិត។

ជាការឆ្លើយតប ក្រសួងការពារជាតិរុស្ស៊ីបានចេញមកបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA ថា យន្តហោះទម្លាក់គ្រាប់បែក Tu-95 អមដោយយន្តហោះចម្បាំងមកពីប្រទេសមួយផ្សេងទៀត បានធ្វើការហោះហើរល្បាតតាមទម្លាប់នៅលើដែនទឹកអព្យាក្រឹត្យប៉ុណ្ណោះ៕

ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner