គិតត្រឹមថ្ងៃទី ២៦យប់មិញនេះកម្ពុជាទទួលបានមេដាយប្រាក់ ២និងសំរឹទ្ធ ២គ្រឿងក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥នេះអត្តពលិកវ័យក្មេងកម្ពុជាដណ្តើមបានមេដាយសរុប៤គ្រឿងហើយ ពីការប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៣ នៅព្រះរាជាណាចក្របារ៉ែន ។
មេដាយ៤គ្រឿងដែលជាកំណត់ត្រាថ្មីនេះ គឺកីឡាគុនខ្មែរដណ្តើមបានមេដាយចំនួន៣គ្រឿង ប្រាក់២និងសំរឹទ្ធ១ និងបញ្ចស៊ីឡាត់ដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿង។
មេដាយ៤គ្រឿងដែលអត្តពកម្ពុជាដណ្តើមបានក្នុងព្រឹត្តិការណ៍កីឡាយុវជអាស៊ីហ្គេម លើកទី៣នេះជាមេដាយគិតត្រឹមថ្ងៃទី២៦នោះទេ ពោលអត្តពលិកកម្ពុជានូវសល់ប្រភេទកីឡាមួយចំនួនទៀតកំពុងបន្តការប្រកួតនៅឡើយ។
ពាក់ព័ន្ធនិងមេដាយដែលអត្តពលិកដណ្តើមបានពីព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីអាស៊ីនេះ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងជារដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ គូសបញ្ជាក់ថា ការទទួលបានមេដាយសំរឹទ្ធ និងមេដាយប្រាក់ជាបន្តបន្ទាប់ក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន នាពេលនេះ គឺជាកំណត់ត្រាថ្មីរបស់កម្ពុជា។ កំណត់ត្រាថ្មី ព្រោះការចូលរួមព្រឹត្តិការណ៍នេះកាលពី២លើកមុន កម្ពុជាពុំធ្លាប់បានឈ្នះមេដាយម្ដងណាទេ។
ឯកឧត្ដម រដ្ឋលេខាធិការ បានបញ្ជាក់ថា គិតត្រឹមពេលនេះយើងបានមេដាយប្រាក់២គ្រឿង និងសំរឹទ្ធ២គ្រឿង ឈរនៅលេខរៀងទី២៤ ក្នុងចំណោម ៤៥ប្រទេស យើងនឹងរង់ចាំមើលការប្រកួតកីឡាផ្សេងៗទៀតរបស់កម្ពុជា។ ដូច្នេះនេះជាកំណត់ត្រាប្រវត្តិសាស្តថ្មីដែលកម្ពុជាអាចដណ្ដើមបានមេដាយក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ដោយសារតែការចូលរួម២លើកកន្លងមក កម្ពុជាធ្លាប់បានឈ្នះមេដាយទេ។”
ទាក់ទងទៅនឹងការចូលរួមព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៣នេះដែរ ឯកឧត្ដម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា កម្ពុជារក្សាបាននូវសេចក្ដីថ្លៃថ្នូរ និងស្មារតីកីឡា មិត្តភាព សាមគ្គីភាព ហើយម្ចាស់ផ្ទះបារ៉ែនក៏បានទទួលបានយ៉ាងល្អ ទោះបីពួកគេទើបចូលខ្លួនទទួលយកភារៈជាអ្នករៀបចំព្រឹត្តិការណ៍ដ៏ធំនេះត្រឹមរយៈពេល៨ខែ ព្រោះត្រូវចូលខ្លួនជំនួសប្រទេសអ៊ូបេគីស្ថាន។
ឯកឧត្ដម វ៉ាត់ ចំរើន ក៏បានអំពាវនាវជនរួមជាតិបន្តការគាំទ្រលើកទឹកចិត្តដល់អត្តពលិកកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី និងអរគុណដល់ការចូលរួមជួយឧបត្ថម្ភដល់អត្តពលិកពីសំណាក់បណ្ដាដៃគូជាពិសេសក្រុមហ៊ុនវឌ្ឍនៈសម្រាប់ការឧបត្ថម្ភលើកទឹកចិត្តដល់អត្តពលិកកម្ពុជាដែលដណ្ដើមបានមេដាយ។
គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីហ្គេមប្រចាំទ្វីអាស៊ីនេះ នេះជាការចូលរួមរបស់កម្ពុជាជាលើកទី៣ហើយ ខណៈការចូលរួមលើកទី១ ឆ្នាំ២០០៩ នៅប្រទេសសិង្ហបុរី កម្ពុជា បានបញ្ជូនអត្តពលិកចូលរួមប្រកួតចំនួន ៣ នាក់ ប៉ុន្តែមិនទទួលបានលទ្ធផលល្អទេគ្មានមេដាយ ហើយលើកទី២ ឆ្នាំ ២០១៣ នៅប្រទេសចិន កម្ពុជា បានបញ្ជូនអត្តពលិក ២ នាក់ចូលរួមប្រកួតហើយ ក៏មិនទទួលបានមេដាយណាមួយដែរ ៕









រូបភាព ៖ NOCC
អត្ថបទ ៖ ជាវ ចន្ធូ