ប្រធានាធិបតីប្រទេសហុងគ្រី អបអរសាទរកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជា និង ថៃ
(ភ្នំពេញ)៖ ឯកឧត្ដម តាម៉ាស ស៊ូលយ៉ូក (Tamás Sulyok) ប្រធានាធិបតីហុងគ្រី បានចូលរួមអបអរសាទរកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និង ថៃ ដែលបានចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្រ្តីប្រទេសថៃ កាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៥នេះ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ឯកឧត្តមប្រធានាធិបតី មានក្តីសង្ឃឹមថា បន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជា និង ថៃ នឹងវិលទៅប្រក្រតីភាព ហើយប្រជាពលរដ្ឋទាំងសងខាងនឹងរស់នៅដោយសុខសន្តិភាព ឡើងវិញក្នុងពេលឆាប់ៗ ។
ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម តាម៉ាស ស៊ូលយ៉ូក (Tamás Sulyok) ប្រធានាធិបតីហុងគ្រី។
ឯកឧត្តមប្រធានាធិបតី ប្រទេសហុងគ្រី បញ្ជាក់ថា ជាទូទៅពលរដ្ឋ ត្រូវការសន្តិភាព ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះ ប្រជាពលរដ្ឋងាយនឹងរងគ្រោះដោយសារសង្រ្គាមណាស់។ សង្រ្គាមងាយនឹងផ្ទុះឡើង ប៉ុន្តែវាជាការលំបាកបំផុតក្នុងការបញ្ចប់សង្រ្គាម។
ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានជម្រាបជូន ឯកឧត្តមប្រធានាធិបតី ពីលទ្ធផលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា នៅប្រទេសហុងគ្រី ដែលទទួលបានលទ្ធផលជាទីមោទនៈ នៅក្នុងនោះសម្តេចបានអញ្ជើញទស្សនា សិក្សាស្វែងយល់ពីប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋហុងគ្រី និងបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំប្រទេសហុងគ្រី ប្រកបដោយផ្លែផ្កានៅក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ជាមួយគ្នានោះ សម្តេចប្រធានរដ្ឋសភា បានស្នើ ឯកឧត្តមប្រធានាធិបតី ជួយជំរុញសក្តានុពលថ្មីៗ ដែលប្រទេសទាំងពីរមានដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ មានវិស័យពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ អប់រំ ជាដើម៕







ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ