នាយករដ្ឋមន្ត្រី កម្ពុជា-ថៃ ប្តេជ្ញាចិត្តប្រកាន់ខ្ជាប់សេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ខណៈសម្ដេច ហ៊ុន ម៉ាណែត រំឭកឱ្យមានការដោះលែងទាហានកម្ពុជា ១៨រូបឱ្យបានឆាប់

(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ប្តេជ្ញាចិត្តក្នុងការគោរព និងការប្រកាន់ខ្ជាប់ចំពោះ សេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំឭកអំពីការពាវនាវឱ្យមានការដោះលែងទាហានកម្ពុជា ១៨រូបឱ្យបានឆាប់ ឈរលើមូលដ្ឋានមនុស្សធម៌ និងដូចដែលបានឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួម ។ នេះបើតាមលទ្ធផលនៃជំនួបទ្វេភាគីរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុត ជូនឯកឧត្ត Anutin Charnvirakul ចំពោះការសោយព្រះទិវង្គតរបស់ ព្រះមហាក្សត្រិយ៍ ព្រះវររាជមាតា Sirikit។ ជាការឆ្លើយតប នាយករដ្ឋមន្ត្រី Anutin បានថ្លែងអំណរគុណ សម្តេចធិបតី ចំពោះសារលិខិតរំលែកទុក្ខ និងសេចក្តីអាណិតអាសូរដ៏ស្មោះអស់ពីដួងចិត្ត របស់កម្ពុជា ក្នុងពេលវេលានៃការកាន់មរណទុក្ខនេះ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ បានពិភាក្សាលើសេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលត្រូវបានចុះ ហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០៥ និងត្រូវបានធ្វើជាសាក្សី ដោយ ឯកឧត្តម Donald J. Trump ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក និងឯកឧត្តម Dato’ Seri Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។

ថ្នាក់ដឹកនាំទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការគោរព និងការប្រកាន់ខ្ជាប់ចំពោះ សេចក្តីថ្លែងការណ៍រួមគូឡាឡាំពួ ដែលបានផ្តល់ នូវក្របខ័ណ្ឌមួយសម្រាប់ប្រទេសទាំងពីរ ក្នុងការធ្វើការ ជាមួយគ្នាឆ្ពោះទៅរក សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការចុះហត្ថលេខានេះ ឆ្លុះបញ្ចាំងវឌ្ឍនភាពបន្ថែមទៀត ចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលរហូតមកដល់ពេលនេះ បានជួយរក្សានូវភាពស្ងប់ស្ងាត់ និងស្ថិរភាព នៅតាមបណ្តោយព្រំដែន។

សម្តេចធិបតីបានលើកឡើងថា កិច្ចការបន្ទាន់ សម្រាប់ភាគីទាំងពីរ គឺត្រូវធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីធានានូវការអនុវត្តសេចក្តីថ្លែងការណ៍នេះ ឱ្យបានពេញលេញ និង ប្រកបដោយភាពស្មោះត្រង់ ។

សម្តេចធិបតី បានសង្កត់ធ្ងន់បន្ថែមថា ការអនុវត្តសកម្មភាពមានចែងក្នុងសេចក្ដីថ្លែងការណ៍នេះ គឺជាការទទួលខុសត្រូវ និងកាតព្វកិច្ចរួមគ្នារបស់ភាគីទាំងពីរ។ តាមរយៈយន្តការទ្វេភាគី ប្រទេសទាំងពីរ បានពិភាក្សាគ្នារួចមកហើយ និងបានឈានដល់ការព្រមព្រៀងមួយ សម្រាប់ដំណើរឆ្ពោះទៅមុខ ដូច្នេះវាមានសារៈសំខាន់ណាស់ ដែលភាគីទាំងពីរ ត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់ នុវការព្រមព្រៀងទាំងនេះដោយសុចរិតភាព និងភាពស្មោះត្រង់ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំឭកជាថ្មី នូវការអំពាវនាវឱ្យមានការដោះ លែងទាហានកម្ពុជាចំនួន ១៨រូបឱ្យបានឆាប់ ដោយឈរលើមូលដ្ឋានមនុស្សធម៌ និងដូចដែលបានឯក ភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួម គូឡាឡាំពួ។

ក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា ប្រទេសទាំងពីរត្រូវ តែបន្តធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីធានាថា ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាប្រកបដោយ សន្តិភាព សុខដុមរមនា និងវិបុលភាពរួមគ្នា សម្រាប់ជំនាន់ក្រោយៗទៀត ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner