ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យារូបភាពផ្កាយរណប និង ការប្រើប្រាស់ដ្រូន របស់មន្រ្តីឧទ្យាននុរក្សក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិទទួលបានប្រសិទ្ធភាពខ្ពស់ ជនល្មើសខ្លាចញញើត

(ភ្នំពេញ)៖ មន្រ្តីឧទ្យានុរក្សដែលធ្លាប់តែចុះល្បាតដោយថ្មើរជើង ឬមធ្យោបាយផ្សេងៗទៀតដែលខ្វះបច្ចេកវិទ្យាជំនាន់ថ្មីចូលរួមនោះតែងជួបនូវការលំបាក តែពេលនេះមិនដូចកាលពីមុនទេ ក្រោយការប្រើប្រាស់នូវប្រព័ន្ធព័ត៌មានវិទ្យារូបភាពផ្កាយរណប និង ការប្រើប្រាស់ដ្រូន របស់មន្រ្តីឧទ្យាននុរក្សក្នុងការបង្រ្កាបបទល្មើសធនធានធម្មជាតិនោះទទួលបាននូវប្រសិទ្ធភាពខ្ពស់ ហើយបទល្មើសក៏ថមថយចុះដែរ។

ក្រសួងបរិស្ថាន នៅឆ្នាំ២០២៤-២០២៥ បានផ្តល់ផែនទីតំបន់ការពារធម្មជាតិ និងផែនទីផ្កាយរណបជូនទៅរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន ដើម្បីសហការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងបានប្រគល់ដ្រូនចំនួន ៤៧គ្រឿងដល់មន្ទីរបរិស្ថានទាំងអស់ ហើយមន្ទីរបរិស្ថានដែលមានតំបន់ការពារធម្មជាតិ ក៏ទទួលបានការគាំទ្រពីបណ្តាអង្គការ និងដៃគូអភិវឌ្ឍបន្ថែមទៀត នូវសម្ភារៈប្រើប្រាស់និងដ្រូនជាច្រើនគ្រឿងបន្ថែមទៀត។

លោក រស់ លីដា មានតួនាទីជាប្រធានស្នាក់ការរងពូគង់ ទួលពង្រ នៃ ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី បានឱ្យដឹងថា៖ចំពោះភារៈកិច្ចចុះល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ គឺជាការងារអាទិភាពមួយរបស់មន្រ្តីឧទ្យានុរក្ស។ ក្នុងឆ្នាំ២០២៤-២០២៥ កន្លងមក ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា និងឧបករណ៍ទំនើប ដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ទទួលបានលទ្ធផលល្អប្រសើរ និងការបង្រ្កាបបទល្មើសទាន់ពេលវេលា ដែលជាហេតុធ្វើឱ្យជនល្មើសមានការខ្លាចរអាជាងមុនឆ្ងាយណាស់។

លោក អ៊ឹង ថោះ ភ្នាក់ងារល្បាត នៅដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី ឱ្យដឹងថាការល្បាតបានធ្វើឡើងរួមគ្នាទាំងមន្រ្តី ឧទ្យានុរក្ស សហគមន៍ ក្នុងការដើរល្បាតទាំងការពារព្រៃឈើ ការចាប់សត្វព្រៃ ។ការល្បាតនាពេលបច្ចុប្បន្ននេះបើប្រៀបធៀបកាលពីលើកមុនគឺខុសគ្នាឆ្ងាយដោយសារថាការប្រើដ្រូនងាយរុករកទីតាំង ចាប់ជនល្មើសបានជាក់ច្បាស់ ហើយពិសេសជនល្មើសមិនងាយរត់រួចឡើយ។

លោក អ៊ឹង ថោះ បានបញ្ជាក់ប្រាប់បន្ថែមថា ដោយសារការប្រើបច្ចេកវិទ្យាទំនើបថ្មីនេះហើយមិនត្រឹមតែចាប់ជនល្មើសបានលឿន ឆាប់រហ័សទេ តែជនល្មើសក៏ តែងខ្លបខ្លាច និងមិនសូវប្រថុយប្រថានដូចមុនទៀតឡើយ។

ជាមួយគ្នានេះ ឯកឧត្តម ខ្វៃ អាទិត្យា មន្រ្តី អ្នកនាំពាក្យក្រសួងបរិស្ថានបានជំរុញដល់មន្រ្តីឧទ្យានុរក្ស សមត្ថកិច្ច សហគមន៍ ដៃគូអភិវឌ្ឍន៍ និងប្រជាសហគមន៍តំបន់ការពារធម្មជាតិ ត្រូវចូលរួមក្នុងការបង្កើនប្រសិទ្ធភាព នៃការការពារនិងអភិរក្ស ធនធានធម្មជាតិរបស់កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ធានាឱ្យបាននូវផលប្រយោជន៍ជូន ប្រជាជននិងប្រទេសកម្ពុជា ជាពិសេសការរក្សាបាននូវធនធានធម្មជាតិ និងព្រៃឈើ សម្រាប់យុវជនជំនាន់ក្រោយ តាមរយៈការរួមគ្នាការពារភាពបៃតងរបស់កម្ពុជា ឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ។

គួរបញ្ជាក់ថា ការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងនោះមានផែនការសកម្មភាព ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីត្រួតពិនិត្យ តាមដាន និងវិភាគព័ត៌មាន តាមរយៈទិន្នន័យដែល ទទួលបានពីផ្កាយរណប ហើយការទទួលបានទិន្នន័យទាំងនេះ ក៏ដូចជាបានបំពាក់ឧបករណ៍ សម្ភារៈទំនើបដូចជាដ្រូន ដើម្បីល្បាត និងផ្ទៀងផ្ទាត់ព័ត៌មាន ក៏ជាផ្នែកមួយជួយពន្លឿន ដល់ការងារចុះអនុវត្តច្បាប់ និងបទអន្តរាគមន៍ភ្លាមៗ នៅតាមតំបន់គោលដៅនានា៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner