ជប៉ុន ចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យា ផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកសិ-ឧស្សាហកម្ម នៅកម្ពុជា
(ភ្នំពេញ)៖ ប្រធានសមាគមជប៉ុន-កម្ពុជា បានគូសបញ្ជាក់ថា អ្នកវិនិយោគរបស់ជប៉ុន ចាប់អារម្មណ៍វិនិយោគលើវិស័យបច្ចេកវិទ្យា ផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកសិ-ឧស្សាហកម្ម នៅកម្ពុជា ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មាននៅក្នុងពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្ត ចំពោះសកម្មភាពដ៏សកម្ម របស់សមាគមជប៉ុន-កម្ពុជា ដែលបានចូលរួមចំណែក ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ទាំងនៅក្នុងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន ជាពិសេស គឺការទាក់ទាញអ្នកវិនិយោគឲ្យមកវិនិយោគ នៅក្នុងប្រទេសកម្ពុជា ដែលនេះ គឺជាសកម្មភាពមួយយ៉ាងសកម្ម ក្នុងការគាំទ្រដល់ការវិនិយោគ និងការជំរុញសេដ្ឋកិច្ចកម្ពុជា ។
នៅក្នុងជំនួបនេះ ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា គឺទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកវិនិយោគរបស់ជប៉ុន ក្នុងការមកវិនិយោគលើវិស័យនានា ក្នុងនោះ លោកបានរំលេចទាក់ទងទៅនឹងប្រតិភូដែលមកបំពេញបេសកកម្មនៅកម្ពុជា ពេលនេះ គឺមានប្រមាណ ៣៦ក្រុមហ៊ុន ដែលជាក្រុមហ៊ុនជប៉ុន មានទាក់ទងទៅនឹងការវិនិយោគលើវិស័យបច្ចេកវិទ្យា ផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកសិ-ឧស្សាហកម្មជាដើម ដែលជាការចាប់អារម្មណ៍របស់អ្នកវិនិយោគជប៉ុន មកកម្ពុជា ។
ឯកឧត្តមបានលើកឡើងថា ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា កន្លងមក ជាពិសេស តាំងពីពេលសម្ដេចតេជោ ជានាយករដ្ឋមន្ត្រី ហើយមកដល់ពេលនេះ សម្ដេចតេជោ ជាប្រធានព្រឹទ្ធសភានៃកម្ពុជា សម្ដេចតេជោ ក៏នៅតែបន្តគាំទ្រអ្នកវិនិយោគជប៉ុន ជាពិសេស គឺសមាគមជប៉ុន-កម្ពុជា តែម្ដង ដែលលោកប្រធានសមាគម បានចាត់ទុកការគាំទ្រនេះ គឺជាកម្លាំងចិត្តដ៏សំខាន់ក្នុងការផ្ដល់នូវទំនុកចិត្ត ដល់អ្នកវិនិយោគជប៉ុន មកកាន់កម្ពុជា បន្ថែមទៀត ។
នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញ នូវការពេញចិត្ត ចំពោះវឌ្ឍនភាពរបស់សមាគមជប៉ុន-កម្ពុជា ដែលបានខិតខំប្រឹងប្រែងនៅក្នុងការធ្វើយ៉ាងណា ជំរុញទំនាក់ទំនង ជាពិសេស ទាក់ទងទៅនឹងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈបន្ថែមទៀត ដល់ប្រជាជនកម្ពុជា ជាពិសេស យុវជនតែម្ដង ដោយសម្ដេចតេជោ បានលើកឡើងថា ជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ គឺជាជំនាញ នៃតម្រូវការ ដែលទាំងក្នុងបរិបទប្រទេសកម្ពុជា ក៏ដូចជាបរិបទនៃប្រទេសជប៉ុន ត្រូវការ ហើយជាចំណែកក្នុងការជំរុញផ្នែកសេដ្ឋកិច្ចដ៏សំខាន់ ។
ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានលើកឡើងពីការពេញចិត្ត នូវអ្វីដែលអ្នកវិនិយោគជប៉ុន ចាប់អារម្មណ៍ទៅលើវិស័យកសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យា ដោយសម្ដេចតេជោ បានលើកឡើងថា ផ្នែកកសិ-ឧស្សាហកម្មនេះ គឺជាចំណុចស្នូលមួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីដើមរាងមក រហូតដល់រាជរដ្ឋាភិបាលថ្មី ក៏ចាត់ទុកកសិ-ឧស្សាហកម្មនេះ គឺការកែច្នៃផលិតផលកសិកម្ម គឺជារឿងចាំបាច់និងអាទិភាព ។
ពាក់ព័ន្ធទៅនឹងវិស័យបច្ចេកវិទ្យា ក៏ដូចគ្នាដែរ ដោយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងតែផ្ដោតការយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ហើយកម្ពុជា កំពុងត្រូវការខ្លាំងក្នុងផ្នែកនេះ ។ សម្ដេច បានជំរុញឱ្យអ្នកវិនិយោគជប៉ុន ចាប់អារម្មណ៍ និងពង្រីកសក្កដានុពល លើវិស័យទាំងអស់នេះ ឲ្យមានការកើនឡើងកាន់តែច្រើនថែមទៀត ។
សម្ដេចតេជោ បានជូនពរប្រតិភូទាំងអស់ បំពេញបេសកកម្ម បានជោគជ័យ នៅព្រះរាជាណាចក្រកម្ពុជា ៕






អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ