ក្រសួងការបរទេស៖ កម្ពុជាសូមបដិសេធយ៉ាងដាច់​អហង្ការ​ចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃ​ដែលថា កម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែន

(ភ្នំពេញ)៖ ក្រសួងការបរទេសសកម្ពុជា នៅយប់ថ្ងៃទី​១០ ខែវិច្ឆកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងកា​រដោយធ្វើការច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់ប្រទេសថៃថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃ។

ក្នុងសេចក្តីថ្លែងការណ៍នេះក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជាមានការ​ព្រួយបារម្ភ​យ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ ជាច្រើន ដកស្រង់សំដីរបស់ថ្នាក់ដឹកនាំថៃ ដែល​បង្ហាញ​ថា ប្រទេសថៃបានផ្អាកការអនុវត្តនូវសេចក្តីថ្លែង ការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដែលត្រូវ​បានចុះហត្ថលេខា ដោយមានវត្តមានរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ជាប្រធានអាស៊ាន ធ្វើជាសាក្សី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ក្រសួងការបរទេសបានលើកឡើងថា”សេចក្តីរាយការណ៍ព័ត៌មានទាំងនេះក៏បានឱ្យដឹងដែរថា ព្រឹត្តិការណ៍​ផ្ទុះមីន​នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានធ្វើ​ឱ្យ​ទាហាន​ថៃបីនាក់រងរបួសនៅព្រំដែនកម្ពុជា-ថៃ ត្រង់​តំបន់ភ្នំទ្រព្យ ស្ថិតជិត ប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានលើកឡើងថាជាមូលហេតុនៃការផ្អាកអនុវត្តសេចក្តីថ្លែងការណ៍រួម ខាងលើនេះ រួមទាំងការលុបចោល​គម្រោងដោះលែងយោធិនខ្មែរ ១៨រូប ពីការឃុំឃាំងនៅ​ប្រទេសថៃ ដែលភាគីថៃបានប្រកាសថានឹងអនុវត្ត​នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥”។

ជាមួយគ្នានេះក្រសួងការបរទេសបានបញ្ជាក់ដែរថារាជរដ្ឋាភិបាលកម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃ ថាកម្ពុជាបាន​ដាក់​មីនថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃ។ វាជាការសំ​ខាន់​​ដែលត្រូវកត់សម្គាល់ពីការដឹងឮ យ៉ាងសុះសាយនូវ​ការពិតថា ចម្ការមីនភាគច្រើនតាមបណ្តោយព្រំដែន​កម្ពុជា​-ថៃ ដែលបន្សល់ទុកពីជំនាន់ សង្គ្រាមស៊ីវិល​កម្ពុជា​​រយៈជិត៣០ឆ្នាំ ក្នុងទសវត្សរ៍ ១៩៧០ និង ១៩៨០ មិនទាន់ត្រូវបានបោសសម្អាតនៅ ឡើយទេ ដោយសារតែភូមិសាស្ត្រលំបាក និងស្ថានភាពមិនទាន់​មានការកំណត់ខណ្ឌសីមាព្រំដែន។

រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជានៅតែ​ប្តេជ្ញា​អនុវត្តសេចក្តីថ្លែងការណ៍រួម ដែលត្រូវ បានចុះ​ហត្ថលេខាជាមួយនិងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ។ ក្នុងនាមជាប្រទេសដែលបាន គាំទ្រយ៉ាង​មុតមាំ និងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីន​ប្រឆាំង​មនុស្ស កម្ពុជាមិនដែលបានប្រើប្រាស់ ហើយក៏នឹងមិន​ប្រើប្រាស់មីនថ្មីឡើយ៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner