វិស័យចំនួន ៥ មានយុវជនស្នើចុះឈ្មោះចូលរៀនច្រើនជាងគេក្នុងកម្មវិធី TVET ១,៥លាននាក់របស់សម្តេចធិបតី
(ភ្នំពេញ)៖ វិស័យចំនួន ៥ទទួលបានការចាប់អារម្មណ៍ ពីយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅ ដើម្បីស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M)។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ។


លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា វិស័យធំៗទាំង ៥នោះ រួមមាន ៖ ទី១ វិស័យធុរកិច្ច និងព័ត៌មានវិទ្យា មានអ្នកស្នើចុះឈ្មោះចូលរៀន ២៨ ៣២០នាក់ ,ទី២ វិស័យទេសចរណ៍មានអ្នកស្នើចុះឈ្មោះចូលរៀន ២២ ២០៨នាក់ ,ទី៣ វិស័យសំណង់មានអ្នកស្នើចុះឈ្មោះចូលរៀន ២១ ៣៣៣នាក់ ,ទី៤ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មមានអ្នកស្នើចុះឈ្មោះចូលរៀន ១៧ ៥៣៦នាក់ និងទី៥ វិស័យសេវាកម្មមានអ្នកស្នើចុះឈ្មោះចូលរៀន ១៧ ២៥៧នាក់ ។

លោកបន្តថា គិតត្រឹមខែកញ្ញាសិស្សស្នើសុំចុះឈ្មោះចូលរៀនមានចំនួន ១៤២ ៩៧៥នាក់ ក្នុងនោះអ្នកមានបណ្ណសមធម៌ ៦០ ៩៣៥នាក់។ ចំណែកសិស្សដែលកំពុងរៀនក្នុងកម្មវិធី TVET ១,៥លាននាក់ មានចំនួន ២៤ ០៦២នាក់ សិស្សបានបញ្ចប់ការសិក្សាចំនួន ៦៣ ៦២៧នាក់ និងសិស្សដែលទទួលបានការងារធ្វើមានចំនួន ៣២ ៣០១នាក់។ ក្នុងចំណោមសិស្សកំពុងរៀន សិស្សបញ្ចប់ការសិក្សា និងសិស្សដែលទទួលបានការងារធ្វើនេះ អ្នកមានបណ្ណសមធម៌សរុបមានជំនួន ៥៩ ៣៦៧នាក់។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវជាថ្មីទៀតដល់យុវជន ជាពិសេស បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ សូមចុះឈ្មោះចូលរៀនក្នុងកម្មវិធី TVET 1.5M ដើម្បីមានជំនាញពិតប្រាកដទៅបម្រើការងារនៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រនានា ឬអាចយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន និងមានជីវភាពល្អប្រសើររួមចំណែករក្សានូវស្ថិរភាពការងារ, កំណើនផលិតភាព អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ។

គួររម្លឹកថា កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅទូទាំងប្រទេសចំនួន ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈត្រូវបានផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕
ដោយ ៖ ង៉ាន់ ទិត្យ

