វិភាគ៖ ថៃត្រូវមួយកំភ្លៀងរបស់អាមេរិក ក្រោយពេលប្រកាសដើរចេញពីកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា
បន្ទាប់ពីស្ថានភាពព្រំដែនបានឡើងកម្តៅសារជាថ្មី ទាំងនាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថៃបានជួបសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ជាមួយលោកប្រធានាធិបតីអាមេរិក និងលោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដើម្បីពិភាក្សាគ្នាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែន ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ។ សហរដ្ឋអាមេរិក និងម៉ាឡេស៊ី ក្នុងនាមជាប្រធានរបស់អាស៊ាន ព្រមទាំងប្រទេសជាមិត្តផ្សេងៗទៀត បានប្រឹងប្រែងយ៉ាងសកម្ម ដើម្បីកម្ពុជា និងថៃ សម្រេចបានកិច្ចព្រមព្រៀងសន្តិភាពមួយ ដែលពេលនេះទទួលរងការគម្រាមកំហែងដោយសារឥរិយាបទរបស់ថៃ។
ក្នុងកិច្ចសន្ទនាទាំងនោះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាបានសង្កត់ធ្ងន់លើសារសំខាន់នៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការមានស្រាប់ ជាពិសេសស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះព្រំដែន និងកសាងសន្តិភាពរវាងប្រទេសទាំងពីរ។
ផ្ទុយទៅវិញ លោកនាយករដ្ឋមន្រ្តីថៃ អានុទីន ឆានវីរៈគុល បានបូរបាច់ហេតុផលជាច្រើន ដើម្បីចោទកម្ពុជាថា មិនបានអនុវត្តតាមសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងគូឡាឡាំពួ។ លោកលើកឡើងពីករណីទាហានថៃដើរជាន់មីននៅក្បែរប្រាសាទព្រះវិហារ ហើយទាមទារឲ្យកម្ពុជាទទួលកំហុស និងសុំទោសចំពោះប្រជាជនថៃ។ ប៉ុន្តែ លោកមិនបានលើកឡើងពីទង្វើឃោរឃៅ អមនុស្ស និងខុសច្បាប់របស់ទាហានថៃ ដែលបានបាញ់សម្លាប់ពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់នោះទេ។
លោកនាយករដ្ឋមន្រ្តីថៃបានស្នើមេដឹកនាំអាមេរិក និងម៉ាឡេស៊ី ឲ្យប្រាប់ទៅនាយករដ្ឋមន្រ្តីកម្ពុជាគោរពតាម សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ខណៈដែលប្រទេសថៃខ្លួនឯងទៅវិញទេ ដែលជាអ្នកអនុវត្តផ្ទុយពីការសន្យារបស់ខ្លួនចំពោះអន្តរជាតិ ហើយចុងក្រោយបានបង្កើតលេសដើរចេញពីកិច្ចព្រមព្រៀងនេះយ៉ាងព្រងើយ។ ទង្វើនេះបានធ្វើឲ្យដំណើរការស្តារសន្តិភាពនៅតាមព្រំដែនជួបបញ្ហារាំងស្ទះ។
ជាងនេះទៅទៀត លោក អានុទីន បានរំលឹកឡើងវិញពីគុណស្រ័យរបស់ថៃ ដែលបានផ្តល់ទីជម្រកដល់ជនភាសសឹកកម្ពុជាកាលពីជំនាន់សង្រ្គាមស៊ីវិល ប៉ុន្តែលោកមិនបានលើកឡើងទេពីទង្វើព្រៃផ្សៃ អមនុស្សធម៌ របស់ទាហានថៃ ដែលកាលពីពាក់កណ្តាលឆ្នាំ១៩៧៩ បានដឹកជនភាសសឹកខ្មែរជាច្រើនម៉ឺននាក់ទៅទម្លាក់ចោលនៅលើភ្នំដករែក។ ពលរដ្ឋទាំងនោះ មានទាំងកុមារ ស្រ្តី និងអ្នកជំងឺផង ត្រូវបានបង្ខំដោយចុងកាណុងឲ្យចុះតាមជញ្ជាំងភ្នំយ៉ាងលំបាកវេទនា ហើយដើរកាត់ចម្ការម៉ីនត្រឡប់មកកម្ពុជាវិញ បណ្តាលឲ្យមនុស្សជាច្រើនបាត់បង់ជីវិតដោយការផ្ទុះមីន ការអត់អាហារ ឬជំងឺ។ ដើម្បីជាការចងចាំដល់សោកនាដកម្មនេះ ប្រជាជនកម្ពុជាបានហៅភ្នំមួយនៃជួរភ្នំដងរែកថាជា ភ្នំខ្មោច។
ត្រឡប់មកនិយាយពីជម្លោះព្រំដែនវិញ លោក អានុទីន បានប្រាប់មេដឹកនាំអាមេរិក និងម៉ាឡេស៊ីដោយមិនអៀនមាត់ថា ប្រទេសថៃគ្មានបំណងឈ្លៀនពានកម្ពុជាទេ នៅពេលដែលកងទ័ពរបស់លោកដើរចង្អុលដីខ្មែរថាជាដីថៃ ដោយសម្អាងទៅលើផែនទីចោរ ដែលថៃគូសដោយខ្លួនឯងជាឯកតោភាគី។
លោក អានុទីន ដែលមុននេះពីរបីថ្ងៃ បានអួតក្អេងក្អាងថា ថៃសុខចិត្តរកទីផ្សារថ្មីក្រៅពីអាមេរិក បើអាមេរិកហ៊ានយករឿងពន្ធគយទៅដាក់សម្ពាធលើថៃនោះ បែរជាមកលន់តួសូមឲ្យលោក ដូណាល់ ត្រាំ បន្ធូរបន្ថយពន្ធគយលើផលិតផលថៃឲ្យបានទាបជាង១៩% ដោយអះអាងថា ថៃបានសហការល្អជាមួយអាមេរិកលើគ្រប់ទិដ្ឋភាព។ អានុទីនបានអង្វរលោកត្រាំឲ្យទុកមុខដល់លោកផង។
ប៉ុន្តែ ពាក្យពេជន៍លាក់ពុតទាំងនេះមិនអាចបញ្ចុះបញ្ចូលលោកប្រធានាធិបតីអាមេរិកបានឡើយ។ មិនត្រឹមតែមិនទុកមុខឲ្យអានុទីននោះទេ អាមេរិកថែមទាំងបានប្រកាសផ្អាករាល់ការចរចាពាណិជ្ជកម្មជាមួយថៃ រហូតដល់ប្រទេសនេះបង្ហាញការប្ដេជ្ញាចិត្តអនុវត្តយ៉ាងពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។ ចុងក្រោយ ប្រទេសថៃ ដែលប្រឹងស្រវាអោបចិន បានត្រឹមតែសម្តែងការខកចិត្តចំពោះវិធានការដ៏ម៉ឺងម៉ាត់របស់មហាអំណាចសេដ្ឋកិច្ចទី១លើលោក ហើយព្យាយាមស្តារស្ថានការណ៍មកវិញ ដោយប្រើវោហារសាស្រ្តបែបប្រជាភិថុត លាយឡំជាមួយការភូតកុហក ដូចដែលថៃតែងធ្វើកន្លងមក ដើម្បីបោកប្រាស់ពិភពលោក រួមទាំងប្រជាជនថៃខ្លួនឯងផងដែរ៕