ស៊ូដង់ជាងពាក់កណ្តាលប្រទេសត្រូវការជំនួយមនុស្សធម៌
ខាទុំ ៖ ប្រធានអង្គការមិនមែនរដ្ឋាភិបាល បានអះអាងថា ស៊ូដង់ជាងពាក់កណ្តាលប្រទេសត្រូវការជំនួយមនុស្សធម៌។
ប្រធានក្រុមប្រឹក្សាជនភៀសខ្លួន ដាណឺម៉ាក បានប្រាប់ AFP ថា ជាងពាក់កណ្តាល នៃចំនួនប្រជាជនស៊ូដង់ កំពុងត្រូវការជំនួយមនុស្សធម៌។ ចាប់តាំងពីផ្ទុះឡើង ក្នុងខែមេសា ឆ្នាំ២០២៣ សង្រ្គាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា RSF បានសម្លាប់មនុស្សរាប់ម៉ឺននាក់ ជម្លៀសជិតមនុស្ស ១២លាននាក់ និងបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយ របស់ពិភពលោក។
អគ្គលេខាធិការ ក្រុមប្រឹក្សាជនភៀសខ្លួនដាណឺម៉ាក លោកស្រី Charlotte Slente បានប្រាប់ AFP តាមទូរស័ព្ទ នៅសប្តាហ៍នេះថា «យើងឃើញស្ថានភាពដែលមនុស្សជាង ៣០លាននាក់ ត្រូវការជំនួយមនុស្សធម៌ នោះគឺជាពាក់កណ្តាល នៃចំនួនប្រជាជនស៊ូដង់»។ លោកស្រីបន្តថា «ទុក្ខលំបាកដែលយើងឃើញ គឺមិនអាចនឹកស្មានដល់»។
ស៊ូដង់មានប្រជាជនប្រមាណ ៥០លាននាក់ ក្នុងឆ្នាំ២០២៤ នេះបើតាមធនាគារពិភពលោក។
ការអត្ថាធិប្បាយរបស់មន្ត្រីរូបនេះ បានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ច ទៅកាន់តំបន់មួយ ក្នុងប្រទេសឆាដ ដែលមានព្រំប្រទល់ ជាប់នឹងតំបន់ Darfur ភាគខាងលិច នៃប្រទេសស៊ូដង់ ដែលបានឃើញការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នាពេលកន្លងមក។
អំពើហឹង្សាបានកើនឡើងយ៉ាងខ្លាំង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយក្នុងនោះ កម្លាំង RSF បានដណ្តើមកាន់កាប់ ទីក្រុងសំខាន់ នៃតំបន់ El-Fasher ដែលជាបន្ទាយចុងក្រោយ របស់កងទ័ព នៅក្នុងទីក្រុង Darfur បន្ទាប់ពីការឡោមព័ទ្ធ រយៈពេល ១៨ ខែ និង មានរបាយការណ៍ អំពីអំពើឃោរឃៅកើនឡើង៕
ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត
