វៀតណាមគ្រោងកើបលុយជាង៨ពាន់លានដុល្លារ ពីការនាំចេញកាហ្វេ នៅឆ្នាំនេះ
ហាណូយ ៖ សមាគមកាហ្វេ-កាកាវវៀតណាម បានព្យាករណ៍ថា ការនាំចេញកាហ្វេ អាចកើនលើស ៨ពាន់លានដុល្លារ នៅឆ្នាំនេះ ច្រើនជាងគោលដៅឆ្នាំ២០៣០ទៅទៀត ដែលបានធ្លាប់បានកំណត់ថា បានត្រឹមតែ ចំនួន៦ពាន់លានដុល្លារ។
យោងតាមសារព័ត៌មាន VNepxress នៅថ្ងៃអង្គារនេះ, សមាគមបាននិយាយថា ការព្យាករណ៍នេះ គឺផ្អែកលើកត្តាសំខាន់ៗ ចំនួនបី រួមមាន ការកែលម្អគុណភាពផលិតផល, សមាមាត្រកើនឡើងនៃផលិតផលកែច្នៃ និងការពង្រីកទីផ្សារដោយផ្អែកលើផែនការយុទ្ធសាស្រ្តរយៈពេលវែង។
ក្រសួងកសិកម្ម និងបរិស្ថាន បានរាយការណ៍ថា វៀតណាមបាននាំចេញកាហ្វេចំនួន ១.៣លានតោនក្នុងតម្លៃ ៧.៤១ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ខែដំបូង នៃឆ្នាំនេះ ដែលជាកំណើនដែលមិនធ្លាប់មានពីមុនមក ហើយ កើនឡើង ៦១.៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ការនាំចេញទៅកាន់ទីផ្សារមួយចំនួន បានឃើញកំណើនដ៏អស្ចារ្យ ក្នុងនោះ ទៅកាន់ម៉ិកស៊ិក កើនឡើង ដល់ទៅ ជិត៣៥ដង។ តម្លៃនាំចេញ ជាមធ្យម បានដល់ ៥ពាន់៦៥៣ដុល្លារ ក្នុងមួយតោន កើនឡើង ៤២,៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។
សមាគមបានកត់សម្គាល់ថា សហគ្រាសបានបង្កើនការវិនិយោគក្នុងខ្សែសង្វាក់ផលិតកម្មប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់គុណភាព ស្របតាមស្តង់ដារអន្តរជាតិ។ ជាមួយនឹងការរឹតបន្តឹងការផ្គត់ផ្គង់សកល និងតម្រូវការបន្តកើនឡើង តម្លៃកាហ្វេបានកើនឡើង ដែលជំរុញឱ្យប្រាក់ចំណូលនាំចេញ កើនឡើងដល់កម្រិត កំណត់ត្រា។
សមាគមក៏បានវាយតម្លៃថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាម បានជំរុញឱ្យពាណិជ្ជករ និងកសិករផ្លាស់ប្តូរការអនុវត្តរបស់ពួកគេ ដើម្បីបំពេញតាមស្តង់ដារការបំភាយឧស្ម័ន និងគុណភាពកាន់តែតឹងរ៉ឹង។
នៅឆ្នាំនេះ ឧស្សាហកម្មកាហ្វេវៀតណាម បានបង្កើតប្រព័ន្ធអេកូឡូស៊ី នៃផលិតកម្ម ប្រកបដោយទំនួលខុសត្រូវ ខណៈដែលវិសាលភាពពីប្រភពវត្ថុធាតុដើម រហូតដល់ការកែច្នៃ ជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនប្រកបដោយនិរន្តរភាព នៅឆ្នាំខាងមុខ៕
ប្រភពពី VNexpress ប្រែសម្រួល ៖ សារ៉ាត