ប៉ូឡូញចោទចារកម្មរុស្ស៊ីនៅពីក្រោយករណីបំផ្ទុះផ្លូវរថភ្លើង

វ៉ាសូវី ៖ ប្រទេសប៉ូឡូញប្រកាសចោទប្រកាន់ចារកម្មរុស្ស៊ី ជាអ្នកនៅពីក្រោយករណីបំផ្ទុះកម្ទេចផ្លូវរថភ្លើងមួយខ្សែ ដែលជាមធ្យោបាយធ្វើដំណើរពីប៉ូឡូញឆ្ពោះទៅកាន់ប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុន។

បើតាមអាជ្ញាធរក្នុងតំបន់, អ្នកបញ្ជារថភ្លើងម្នាក់បានរាយការណ៍ពីការខូចខាតផ្លូវរថភ្លើង នៅភាគកណ្តាលនៃប្រទេសប៉ូឡូញ។ ការផ្ទុះនេះបានបំផ្លិចបំផ្លាញផ្លូវរថភ្លើងរវាងទីក្រុង វ៉ាសូវី និង លូប្លីន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា។

ជាការឆ្លើយតប ប្រទេសរុស្ស៊ីប្រកាសច្រានចោលម្តងហើយម្តងទៀតថា ខ្លួនមិនបាននៅពីក្រោយសកម្មភាពបែបនេះឡើយ។ ទោះបីជាយ៉ាងណា អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងសេវាពិសេសប៉ូឡូញ បាននិយាយនៅថ្ងៃអង្គារម្សិលមិញថា ភស្តុតាងទាំងអស់បានចង្អុលលើសេវាស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី។

នេះគឺជាការចោទប្រកាន់ដំបូងហើយ ដែលមន្ត្រីម្នាក់មកពីសេវាសន្តិសុខប៉ូឡូញ បានដាក់ការសង្ស័យជាសាធារណៈថា រុស្ស៊ីនៅពីក្រោយការបំផ្ទុះផ្លូវរថភ្លើង ដែលនាយករដ្ឋមន្ត្រីប៉ូឡូញ លោក ដូណាល់ ថាស់ បានហៅវាថា ជា “ទង្វើបំផ្លិចបំផ្លាញមិនធ្លាប់មាន”។

គួរបញ្ជាក់ថា ប៉ូឡូញបានដើរតួនាទីក្នុងនាមជាមជ្ឈមណ្ឌលដឹកជញ្ជួយសព្វាវុធសង្គ្រាមដល់អ៊ុយក្រែន ដើម្បីប្រយុទ្ធនឹងកងទ័ពរុស្ស៊ី ដូច្នេះហើយប៉ូឡូញ ត្រូវបានគេមើលឃើញថា កំពុងក្លាយជាគោលដៅសម្រាប់អំពើវិឆ្ឆេទកម្ម៕

ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner