ឆ្នាំនេះក្រុមហ៊ុនមួយនៅខេត្តបាត់ដំបងប្រមូលទិញស្រូវនិងនាំអង្ករចេញទៅទីផ្សារក្រៅប្រទេសបានចំនួនបួនម៉ឺនតោន

បាត់ដំបង៖រួមចំណែកជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ​ៈនេះ​រោងម៉ាស៊ីនកិនស្រូវហ្គោលដេនស្ដារ ស្ថិត​នៅ​ស្រុកថ្មគោល ខេត្តបាត់ដំបង​បាននិងកំពុង​មមាញឹកក្នុងការប្រមូលទិញស្រូវក្នុងរដូវប្រមូលផល​ស្រូវវស្សា​ក្នុង​ចន្លោះពី១ពាន់ ទៅ១.៥០០តោនក្នុងមួយថ្ងៃ ។ស្រូវទាំងនេះនឹងសម្ងួត រួចកែច្នៃវេចខ្ចប់ជាអង្ករសម្រាប់នាំ​ចេញទៅ​ក្រៅប្រទេស។

ប្រាប់ទូរទស្សន៍អប្សរា កញ្ញា រ៉ី រិទ្ធគឹមអាន អគ្គនាយិការងនៃក្រុមហ៊ុនហ្គោលដេនស្ដារ រ៉ាយស៍មីល អេន អ៊ីមផត អិចផតបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ រោងម៉ាស៊ីនបានកែច្នៃវេចខ្ចប់នាំចេញអង្ករប្រមាណ៤ម៉ឺនតោន ទៅកាន់​ទីផ្សារ​​​អឺរ៉ុប ចិន បារាំង អាល្លឺម៉ង់ អូស្ត្រាលី អាហ្រ្វិកខាងត្បូង ញ៉ូវហ្សេឡែន ហុងកុង និងម៉ាឡេស៊ី ហើយថ្មីៗនេះ ក៏​បាន​នាំចេញទៅកាន់សហរដ្ឋអាមេរិកផងដែរ។

ជាកូនស្រីលោកអគ្គនាយកក្រុមហ៊ុន និងជាកូនស្រីម្ចាស់រោងម៉ាស៊ីនកិនស្រូវហ្គោលដេនស្ដាររ៉ាយស៍មីលផងនោះ កញ្ញា រ៉ី រិទ្ធគឹមអាន បានបន្តថា រោងម៉ាស៊ីនកិនស្រូវហ្គោលដេនស្ដារបានជួយប្រមូលទិញស្រូវពីប្រជាកសិករនៅក្នុងខេត្តបាត់​ដំបង ពោធិ៍សាត់ និងបន្ទាយមានជ័យ ក្នុងមួយថ្ងៃចន្លោះពី១ពាន់តោនទៅ១.៥០០តោន ខណៈរោងម៉ាស៊ីនអាចមាន​សមត្ថភាពក្នុងការផលិតកែច្នៃនិងវេចខ្ចប់អង្ករបាន៥០០តោនក្នុងមួយថ្ងៃ។រោងម៉ាស៊ីនបាន​បង្កើតការងារជូន​ប្រជាពល​រដ្ឋប្រមាណ ៥០០នាក់ផងដែរ។

ជាមួយនឹងជោគជ័យក្នុងការទិញ និងការនាំអង្ករចេញ កញ្ញាអគ្គនាយិការងក្រុមហ៊ុន មិនភ្លេចបង្ហាញនូវ​មោទកភាព​ជាតិ​​ដែលអង្ករក្រអូបប្រណីតរបស់កម្ពុជាម៉ាកវិញ្ញាតកម្ម «ម្លិះអង្គរ» ពូជស្រូវផ្ការំដួលបានឈ្នះពាន់រង្វាន់ ” អង្ករល្អ​ប្រណីត​ផ្តាច់គេ លើពិភពលោកជាលើកទី៧” ។

កញ្ញា រ៉ី រិទ្ធគឹមអាន បាននិយាយថា អង្ករផ្កាម្លិះកម្ពុជាជាម៉ាករបស់កូនខ្មែរនិងផលិតដោយក្រុមហ៊ុនហ្គោល​ដេនស្ដារ​ត្រូវបាននាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងទទួលបានការគាំទ្រច្រើននៅទីនោះ។

កញ្ញាថែមទាំងបានប្ដេជ្ញាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការពង្រីកទីផ្សារនាំចេញអង្ករទៅក្រៅប្រទេសបន្ថែមទៀត ដើម្បីឱ្យអន្តរជាតិបានស្គាល់ពីអង្ករខ្មែរដែលមានគុណភាពល្អ។បន្តទៀតនៅឆ្នាំ២០២៦ខាងមុខ រោងម៉ាស៊ីនកិន​ស្រូវហ្គោលដេនស្ដារនឹងពង្រីកទីផ្សារក្រៅប្រទេស និងធ្វើការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ក្នុងចន្លោះពី ៥ ទៅ ៦ម៉ឺនតោន ខណៈរោងម៉ាស៊ីនបានដាក់ចេញផែនការពង្រីកច្រវាក់ផលិតកម្មដើម្បីបង្កើនការនាំចេញ និងខិតខំពង្រីក​ទីផ្សារក្រៅស្រុកបន្ថែមទៀត ជាពិសេសទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

ក្នុងនាមវិស័យឯកជន កញ្ញាអគ្គនាយិការងក្រុមហ៊ុនហ្គោលដេនស្តាររ៉ាយស៍មីល ក៏បានសំណូមពរ​ដល់រាជរដ្ឋាភិបាល​មេត្តាពិនិត្យពិចារណាក្នុងការបន្តនូវការបញ្ចុះតម្លៃអគ្គិសនីដើម្បីជំរុញដល់ការនាំចេញអង្ករ ជាពិសេសដើម្បីផ្ដល់ឱកា
សឱ្យខាងរោងម៉ាស៊ីនបានបង្កើននូវឱកាសការងារនិងប្រាក់ចំណូលជូនដល់បងប្អូនកម្មករ។

សូមជម្រាបជូនថា រោងម៉ាស៊ីនកិនស្រូវហ្គោលដេនស្ដាររ៉ាយស៍មីល អេន អ៊ីមផត អិចផត មានទីតាំងស្ថិតនៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។រោងម៉ាស៊ីនកិនស្រូវនេះ បានបង្កើតឡើងនៅឆ្នាំ១៩៨៥និងបានពង្រីកច្រវាក់​ផលិតកម្មរបស់ខ្លួននៅឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ជារោងម៉ាស៊ីនកិនស្រូវខ្នាតធំមួយនៅខេត្តបាត់ដំបង ដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការផលិត ការកែច្នៃ និងនាំចេញអង្ករប្រណីត ទៅកាន់ទីផ្សារអន្តរជាតិ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ៕

អត្ថបទ និងរូបភាព៖អ៊ុក សំអាន

ads banner