នៅវៀតណាម ស្វាយអូស្ត្រាលី ១គីឡូ ជិត២៣ដុល្លារ

ហាណូយ ៖ ផ្លែស្វាយអូស្ត្រាលីនាំចូល លក់បានតម្លៃជិត ២៣ដុល្លារ ក្នុងមួយគីឡូក្រាម នៅប្រទេសវៀតណាម។

សារព័ត៌មាន VNexpress បានចេញផ្សាយ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ថា ផ្លែស្វាយ Kensington Pride ដែលនាំចូលពីប្រទេសអូស្ត្រាលី ត្រូវបានលក់ ក្នុងតម្លៃ ៦០ម៉ឺនដុង ឬ ២២.៧៥ដុល្លារអាមេរិក នៅក្នុងមួយគីឡូក្រាម ពោលគឺ ថ្លៃជាង ៧.៥ដង ធៀបនឹងពូជដូចគ្នា ដែលដាំដុះ នៅក្នុងប្រទេសវៀតណាម។

បើតាមប្រភពដដែល, ផ្លែស្វាយអូស្ត្រាលី ដែលល្បីថា មានសាច់ពណ៌មាស ភ្លឺថ្លា និងមានក្លិនក្រអូបស្រាល ត្រូវបាននាំចូលជាចម្បង ទៅកាន់ប្រទេសវៀតណាម តាមផ្លូវអាកាស។ នៅអូស្ត្រាលី ផ្លែឈើប្រភេទនេះ ត្រូវបានដាំដុះច្រើន ក្នុងតំបន់ដែលមានអាកាសធាតុស្ងួត ដូចជា នៅផ្នែកខ្លះនៃរដ្ឋ Queensland និង ភាគខាងជើង ហើយត្រូវបានប្រមូលផល ក្នុងខែតុលា ដល់ ខែធ្នូ។

ម្ចាស់ហាងមួយកន្លែង នៅផ្លូវ Dinh Bo Linh នៃទីក្រុង ហូជីមិញ បាននិយាយថា លោកទើបតែចាប់ផ្តើមនាំចូលផ្លែឈើប្រភេទនេះ នៅចុងខែតុលា តែ នាំចូលមក ក្នុងកម្រិតតិចតួចនៅឡើយ ដោយសារការដឹកជញ្ជូន និងស្តុក មានតម្លៃខ្ពស់។ ប្រភពបញ្ជាក់ថា «ផ្លែស្វាយនីមួយៗ មានទម្ងន់ប្រហែល ពី ៥០០ ទៅ ៦០០ ក្រាម ហើយ មានសាច់រឹង និងផ្អែមខ្លាំង»។

បុគ្គលិកក្នុងហាងមួយ នៅតំបន់ West Lake នៃ ទីក្រុងហាណូយ ដែលលក់ស្វាយអូស្ត្រាលីបានតម្លៃប្រហាក់ប្រហែលគ្នា បាននិយាយថា «ផ្លែស្វាយទាំងនេះ ត្រូវតែរក្សាឱ្យនៅត្រជាក់ជានិច្ច ដែលធ្វើឲ្យតម្លៃរបស់វាកើនឡើង»។

យោងតាមនាយកដ្ឋានគយ, វៀតណាមបាននាំចូលបន្លែ និងផ្លែឈើ អូស្ត្រាលី តម្លៃជាង១០០ លានដុល្លារ ក្នុងរយៈពេល ៩ ខែដំបូង នៃឆ្នាំនេះ កើនឡើង ២៧% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ ក្រៅពីផ្លែស្វាយ, ផ្លែស្ត្របឺរី, ទំពាំងបាយជូ, ក្រូច របស់អូស្ត្រាលី ក៏សុទ្ធតែជាផ្លែឈើ ដែលពេញនិយមបំផុត ហើយភាគច្រើន លក់បានតម្លៃថ្លៃ នៅក្នុងប្រទេសវៀតណាម៕

ប្រភពពី VNexpress ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner