Zelensky ទាមទារសន្តិភាពដ៏ថ្លៃថ្នូរ ក្រោយជួបមន្ត្រីអាមេរិក
កៀវ ៖ មេដឹកនាំប្រទេសអ៊ុយក្រែន លោក Zelensky បានទទូចចង់បាន “សន្តិភាពដ៏ថ្លៃថ្នូរ” បន្ទាប់ពីជួបជាមួយមន្ត្រីអាមេរិក កាលពីថ្ងៃព្រហស្បតិ៍។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky លើកឡើងថា កិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី ត្រូវតែនាំមកនូវ “សន្តិភាពដ៏ថ្លៃថ្នូរ”។ ជាការអះអាង បន្ទាប់ពីលោកបានជួបមន្ត្រីជាន់ខ្ពស់ មកពីសហរដ្ឋអាមេរិក ដែលបានស្នើផែនការមួយ ហាក់បានបន្លឺឡើង នូវការទាមទារយ៉ាងច្រើន របស់ទីក្រុងម៉ូស្គូ។
លោក Zelensky បាននិយាយ នៅក្នុងសុន្ទរកថា កាលពីរាត្រីថ្ងៃទី២០ ខែវិច្ឆិកា ថា «អ៊ុយក្រែនត្រូវការសន្តិភាព…ជាសន្តិភាពដ៏ថ្លៃថ្នូរមួយ ដូច្នេះ លក្ខខណ្ឌ គឺគោរពឯករាជ្យភាព អធិបតេយ្យភាពរបស់យើង និង សេចក្តីថ្លៃថ្នូររបស់ប្រជាជនអ៊ុយក្រែន»។
លោក Zelensky បានជួបគណៈប្រតិភូ មន្ទីរបញ្ចកោណ ដែលដឹកនាំដោយរដ្ឋមន្ត្រី ទទួលបន្ទុកកងទ័ព របស់សហរដ្ឋអាមេរិក លោក Daniel Driscoll ដែលបានធ្វើដំណើរ ទៅដល់ទីក្រុង Kyiv។ លោក Daniel Driscoll ទៅទីនោះ ដើម្បីស្វែងរកមធ្យោបាយ ដោះស្រាយជម្លោះ។
កាលពីថ្ងៃពុធ លោក Driscoll ក៏បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ហើយ បេសកកម្មនេះ កើតមានឡើង ចំពេលមានសេចក្តីរាយការណ៍ថា ទីក្រុងមូស្គូ និង ទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងធ្វើការ លើផែនការសម្ងាត់មួយ ដើម្បីបញ្ចប់សង្រ្គាម ជិត៤ឆ្នាំ។
យោងតាមសារព័ត៌មាន CNA, ផែនការសន្តិភាពថ្មីដ៏ភ្ញាក់ផ្អើលរបស់អាមេរិក ដែលបែកធ្លាយ បានតម្រូវឲ្យ អ៊ុយក្រែន កាត់បន្ថយចំនួនកងទ័ព និង បោះបង់ចោល នូវអាវុធបាញ់បានរយៈចម្ងាយឆ្ងាយ ព្រមទាំង កាត់ឆ្វៀលទឹកដីខ្លះ ទើបអាចបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី៕
ប្រភពពី AFP, CNA ប្រែសម្រួល៖ សារ៉ាត
