ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ជំរុញឲ្យនគរបាលប៉ុស្តិ៍ និងសង្កាត់យកចិត្តទុកដាក់ដល់អតីតយុទ្ធជននិងនិវត្តជនកម្ពុជា
(ភ្នំពេញ)៖ នគរបាលប៉ុស្តិ៍ និង សង្កាត់យកចិត្តទុកដាក់ដល់អតីតយុទ្ធជននិងនិវត្តជនកម្ពុជានៅក្នុងរាជធានីភ្នំពេញដើម្បីទទួលបាននូវព័ត៌មានពិតច្បាស់លាស់ នៅពេលមានបញ្ហាអ្វីមួយយើងអាចទាក់ទងជួយពួកគាត់បានភ្លាមៗ។

ការជំរុញរបស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា(អ.ន.ក.)បានធ្វើឡើងនារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និង និវត្តជនកម្ពុជា រាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ពិធីនេះបានប្រកាសតែងតាំង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី ជាអនុប្រធានកិត្តិយស ,លោកជំទាវ តិមា វិច្ឆិកាល អភិបាលរង រាជធានីភ្នំពេញ, ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនរគបាលរាជធានី និងឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាអនុប្រធាន និងការប្រកាសសមាជិកជាច្រើនរូបទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានមានប្រសាសន៍ថា៖ អតីតយុទ្ធជន និង និវត្តជនពួកគាត់ពិតជាបានលះបង់ធំធេងណាស់សម្រាប់ជាតិមាតុភូមិ ដូច្នេះហើយ ទើបសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បង្កើតឱ្យមានសមាគមន៍នេះឡើង គឺដើម្បីឱ្យយើងជួយមើលថែចិញ្ចឹម ពួកគាត់។ បន្ថែមពីនេះ ឯកឧត្តមបានណែនាំឲ្យប៉ុស្តិ៍ សង្កាត់ បើមានអតីតយុទ្ធជន និង និវត្តជនណាម្នាក់ស្លាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវចូលរួមបុណ្យសពរបស់គាត់ដល់ផ្ទះ ។
ឯកឧត្តម បានបន្តថា ៖ រាជធានីភ្នំពេញមានទំហំធំណាស់ ដូច្នេះការងារពាក់ព័ន្ធនឹងអតីតយុទ្ធជន និង និវត្តជន ក៏មានទំហំការងារធំណាស់ដែរ ដោយនៅរាជធានីភ្នំពេញមានអតីតយុទ្ធជន និង និវត្តជន រហូតទៅដល់ជិត ៤ម៉ឺននាក់ ហើយកិច្ចការងារនេះគឺសម្ដេចព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែនបានយកចិត្តទុកដាក់ខ្លាំងណាស់ ។

ឯកឧត្ដមកិត្តិសង្គហបណ្ឌិតបានបញ្ជាក់ថា ការរៀបចំពិធីប្រកាសសមាសភាព គណៈកម្មាធិការរាជធានី គឺជាការ ជំរុញបន្ថែមទៀតនូវការសម្របសម្រួល និងការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំសមាគមរាជធានីជូន អតីយុទ្ធជន និងនិវត្តជនក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្ដម កិត្តិសង្គហ បណ្ឌិត គន់ គីម បានបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតតែងតែយកចិត្តទុកដាក់គិតគូរចំពោះ ជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបានក្នុងការលះបង់ ដើម្បីបុព្វហេតុរំដោះជាតិនាំមកនូវសុខសន្តិភាព និង ការ អភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងថា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និងជាអនុប្រធានទី១សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។
ឯកឧត្តម ឃួង បានអរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលបានផ្ដល់ទំនុកចិត្តតែងតាំង ជាប្រធានគណៈកម្មាធិការ អ.ន.ក.រាជធានីភ្នំពេញ។
ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តនេះ ឯកឧត្តម ឃួង ស្រេង សូមប្តេជ្ញាចិត្តគោរពតាម ការសម្រេចចិត្តរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ដើម្បីបន្តដឹកនាំសមាគមន៍ឲ្យរីកចម្រើនបន្ថែមទៀត ៕
រូបភាព ៖ ថេត វិចិត្រ
អត្ថបទ ៖ ហេង សម្បត្តិ
