គម្រោងចំនួន ១៩ ក្រោមទុនវិនិយោគ ២៧៦លានដុល្លារ នៅខេត្តព្រះសីហនុ ទទួលបានគោលការណ៍លើកទឹកចិត្តពិសេស
(ភ្នំពេញ)៖ គម្រោងចំនួន ១៩ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ២៧៦ លានដុល្លារអាមេរិក និង អាចបង្កើតការងារប្រមាណ ១ ៨៤៥ កន្លែង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង ចំនួន ៧ និង គម្រោងថ្មី ចំនួន ១២ ត្រូវបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ។ គម្រោងទំាងនេះ រួមមានគម្រោងសណ្ឋាគារ, អគារពហុមុខងារ, រោងចក្រផលិតឧបករណ៍ជួសជុលរថយន្ត, សិប្បកម្មផលិតក្តារបន្ទះ, រោងច្រកផលិតគ្រឿងសង្ហារឹម, រោងចក្រផលិតដំណាប់ផ្លែឈើ និង កែច្នៃគ្រាប់ធញ្ញជាតិ, និង គម្រោងរោងចក្រផលិតទឹកស្អាត និង ផ្គត់ផ្គង់អគ្គិសនី ។
នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំនាព្រឹកថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សា សម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយវិវាទរបស់គម្រោងវិនិយោគ និង ធុរកិច្ចក្នុងខេត្តព្រះសីហនុ ។
សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ ២០២៤ រហូតដល់ខែ តុលា ឆ្នាំ ២០២៥, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ជូនគម្រោងចំនួន ៣៩២ ដែលមានទុនវិនិយោគប៉ាន់ស្មានសរុប ៧ ៨៧១ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារបាន ៥០ ៦៧០ កន្លែង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំងមាន ចំនួន ១៨៦, គម្រោងថ្មីមាន ចំនួន ១៦៦, គម្រោងពង្រីកមានចំនួន ២៥ និង គម្រោងមានស្រាប់ចំនួន ១៥ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីកិច្ចសហការយ៉ាងសកម្ម រវាងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានបង្កើន និង ពង្រឹងការវិនិយោគនៅក្នុងខេត្តព្រះសីហនុ តាមរយៈការងារគន្លឹះចំនួន ៤ ៖ . ការលើកទឹកចិត្តផ្នែកពន្ធ និង ការសម្របសម្រួលផ្នែករដ្ឋបាល, ការជំរុញការវិនិយោគប្រកបដោយគុណភាព, ការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និង ការផ្ទេរជំនាញ, និង ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ។ លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់អំពីចំណុចពិសេស នៃកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ដែលត្រូវអនុវត្តជាគំរូ សម្រាប់ទាក់ទាញ និង ថែទាំវិនិយោគ ដើម្បីចូលរួមចំណែកអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយទៅជាទីតាំងវិនិយោគពហុបំណង និង ប្រកបដោយយុទ្ធសាស្ត្រ ។
ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និង វិនិយោគិនរួសរាន់អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង ការសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធនឹងការវិនិយោគ ។
វិនិយោគិនអាចទំនាក់ទំនងតាមបណ្តាការិយាល័យ របស់ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ៖ . ការិយាល័យក្រុងព្រះសីហនុ ដែលមានអាសយដ្ឋាននៅ ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ តាមរយៈលេខទំនាក់ទំនង៖ (+៨៥៥) ១២ ៩០២ ២០០, (+៨៥៥) ៨៩ ៧២៦ ០២៨ និង (+៨៥៥) ១៦ ៣២១ ០១០ និង. ការិយាល័យរាជធានីភ្នំពេញ ដែលមានអាសយដ្ឋាននៅ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬ តាមរយៈលេខទំនាក់ទំនង៖ (+៨៥៥) ៩៣ ៨៥៨ ៥៤៣ ៕






ដោយ៖ង៉ាន់ ទិត្យ