ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន ៖ អភិវឌ្ឍសមត្ថភាព​មន្រ្តី ​អធិ​ការកិច្ច ភាពជាអ្នកដឹកនាំ ​មានសារៈសំខាន់​ណាស់​

(ភ្នំពេញ)៖ ការអភិវឌ្ឍសមត្ថភាពមន្រ្តី​ក្នុងវិស័យ​អធិកា​រ​កិច្ច​លើ ភាពជាអ្នកដឹកនាំ ជាពិសេសតាមរយៈ​វគ្គ​បណ្ដុះ​បណ្ដាលនេះ ដែលផ្ដោតលើភាពជាអ្នកដឹកនាំផ្អែក​លើ​ទំនុកចិត្ត ការបង្កើនប្រសិទ្ធភាពរបស់ក្រុមការងារ​អធិ​ការ​កិច្ចនិងការបណ្ដុះបណ្ដាលធនធានយុវជន និងការ​ទំនាក់ទំនងនិងការគ្រប់គ្រងជម្លោះប្រកបដោយប្រសិទ្ធភាព គឺពិតជាមានសារៈសំខាន់ណាស់​សម្រាប់​ការ​ដឹក​នាំ និងការសម្រេចចិត្តក្នុងការងារអធិការកិច្ច ដូច​កំណត់​ក្នុងយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ក្នុង​ការជំរុញនិងបង្កើនសមត្ថភាពស្ថាប័ន ស្របជាមួយ​នឹង​យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជ​រដ្ឋា​ភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សុខ សូ​កេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងឱកាសបាន​អញ្ជើ​ញ​ជា​អធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី “ភាពជា​អ្នកដឹកនាំ” ដែលរៀបចំដោយវិទ្យាស្ថានជាតិអធិការកិច្ច សម្រាប់សិក្ខាកាមចំនួន៥០នាក់ ជាមន្រ្តីរាជការក្រសួង និងមន្ទីរអធិការកិច្ច នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅទីស្ដីការក្រសួង។

លោកស្រី ហៀក គឹមស៊ឹង នាយិការងវិទ្យាស្ថានជាតិ​អធិ​កា​​រកិច្ច​បានឱ្យដឹងថា វិទ្យាស្ថានជាតិអធិការកិច្ច បានរួម​ចំណែកលើកកម្ពស់ សមត្ថភាពជំនាញវិជ្ជាជីវៈ​អធិកា​រ​កិច្ច តាមរយៈការផ្តល់ការបណ្តុះបណ្តាល​ដល់មន្រ្តី​រាជ​ការ​របស់ក្រសួងអធិការកិច្ច និងក្រសួងស្ថាប័ននានា ព្រ​ម​​ទាំងរដ្ឋបាលថ្នាក់ក្រោមជាតិបានជាង ១០០០នាក់ ។

វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំនាពេលនេះ បង្កើត​ឡើ​ង​ដោយផ្អែកលើសមិទ្ធផលទាំងនោះ និងឆ្លុះបញ្ចាំ​ង​ពី​ការ​ប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់យើង​ក្នុងការ​អភិវឌ្ឍ​អ្នក​ដឹកនាំឱ្យមានសមត្ថភាព មានក្រមសីលធម៌ ឆ្លើយ​តបទៅនឹងតម្រូវការនៃអភិបាលកិច្ចល្អ និងភាពស្អាត​ស្អំក្នុងរដ្ឋបាលសាធារណៈ។

ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បាន​កោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រូឧទ្ទេស ថ្នាក់​ដឹក​នាំនិងមន្ត្រីនៃវិទ្យាស្ថានជាតិអធិការកិច្ច ដែលបាន​ខិតខំរៀបចំ និងធ្វើឱ្យវគ្គបណ្ដុះបណ្ដាលនេះ​បញ្ចប់​ប្រ​កបដោយភាពជោគជ័យខ្ពស់។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអធិការកិច្ច លើកទឹកចិត្ត​ឱ្យមាន​ការ​​ចូលរួមយ៉ាងផុលផុសក្នុងការសិក្សា បង្ហាញពីការ​ប្តេជ្ញា​ចិត្ត​របស់លោក លោកស្រី​ចំពោះការ​អភិវឌ្ឍ​ខ្លួន និងវិជ្ជាជីវៈ ហើយសំខាន់ជាងនេះទៅទៀត ការលះបង់ ក្នុងការបម្រើផលប្រយោជន៍សាធារណៈដោយភាពស្មោះ​​ត្រង់ និងការទទួលខុសត្រូវ។ ភាពជាអ្នកដឹកនាំ​មិន​មែនគ្រាន់តែជាតំណែង ឬ មុខងារនោះទេ។ វាគឺ​ជា​ការអនុវត្តដែលតម្រូវឱ្យមានភាពក្លាហាន ភាពយុត្តិធម៌ តម្លាភាព និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បី​កែ​លម្អ។

ឯកឧត្តមរដ្ឋមន្ត្រី សូមឱ្យសិក្ខាកាមទាំងអស់​ទទួលស្គាល់​ថា ភាពជាអ្នកដឹកនាំក្នុងវិស័យអធិការកិច្ច​សំខាន់គឺ​សេ​វា​កម្ម ភាពសុចរិត និងគណនេយ្យភាព។ ដូច្នេះសូមឱ្យ​សិ​ក្ខា​​កាម​ទាំងអស់ ប្រែក្លាយ​ចំណេះដឹងដែល​ទទួល​បាន​ពីការបណ្តុះបណ្តាលនេះទៅជាការអនុវត្តជាក់ស្តែងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរ៕

រូបភាព ៖ ថេត វិចិត្រ
អត្ថបទ ៖ ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner