ស៊ុយអែតពាក់ព័ន្ធនឹងការជួញដូរអាវុធជាមួយមីយ៉ាន់ម៉ា
ណៃពិដោ ៖ អង្គការក្រៅរដ្ឋាភិបាល ចំនួនបី បាននិយាយ កាលពីថ្ងៃសុក្រថា ប្រទេសស៊ុយអែតបានរងការរិះគន់ពីការជាប់ពាក់ព័ន្ធនឹងអាជីវកម្មជួញដូរអាវុធ ជាមួយមេដឹកនាំយោធារបស់ប្រទេសមីយ៉ាន់ម៉ា។
គណៈកម្មាធិការស៊ុយអែតសម្រាប់ភូមា, ទីភ្នាក់ងារយុត្តិធម៌សម្រាប់មីយ៉ាន់ម៉ា និង មគ្គុទ្ទេសក៍ ហិរញ្ញវត្ថុយុត្តិធម៌ បាននិយាយថា មូលនិធិសោធននិវត្តន៍របស់ស៊ុយអ៊ែត ហៅកាត់ AP7 ជាប្រាក់របស់ជនជាតិស៊ុយអែត ៦លាននាក់ ដែលបានវិនិយោគ ទៅក្នុងក្រុមហ៊ុនចំនួន ១២ ហើយ មានខ្លះ វិនិយោគលើការលក់អាវុធ ឬ ធ្វើអាជីវកម្ម ជាមួយយោធាមីយ៉ាន់ម៉ា។
អ្នកនាំពាក្យ មូលនិធិសោធននិវត្តន៍ AP7 លោក Johan Floren បាននិយាយថា នឹងពិនិត្យឡើងវិញ ក្នុងរយៈពេលប្រហែល ពីរសប្តាហ៍ ហើយ ក្រុមហ៊ុនខ្លះ អាចនឹងត្រូវបានដកចេញ ពីផលប័ត្រវិនិយោគរបស់ AP7 ។
យោធាមីយ៉ាន់ម៉ា បានដណ្តើមអំណាច តាមរយៈរដ្ឋប្រហារ ឆ្នាំ២០២១ ដែលបង្កឱ្យមានសង្រ្គាមស៊ីវិល។
ស៊ុយអ៊ែត គឺជាប្រទេស ដែលល្បីខាងជួញដូរអាវុធ និងរងការរិះគន់ពីអន្តរជាតិ ជុំវិញការលក់សព្វាវុធ ឲ្យប្រទេសផ្សេងៗ រួមទាំង យន្តចម្បាំង លក់ឲ្យ ប្រទេសថៃ ផងដែរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត