កម្ពុជា-ជប៉ុន មានទំនាក់ទំនងគ្នាកាន់តែរីកចម្រើន តាមរយៈជំរុញការអប់រំ ពង្រីកទេសចរណ៍ និងការវិនិយោគ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែរីកចម្រើនដោយពង្រីកទំនាក់ទំនងរវាង ប្រជាជន និងប្រជាជន តាមរយៈជំរុញការអប់រំ ពង្រីកចំនួនទេសចរណ៍ និងទាក់ទាញបន្ថែមនូវការវិនិយោគ ។

ថ្លែងក្នុងកម្មវិធីជប់លៀងដំណាច់ឆ្នាំ២០២៥ របស់សមាគអតីតនិស្សិតខ្មែរមកពីជប៉ុន (JAC) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងអតីតនិស្សិតបញ្ចប់ការសិក្សាមកពីជប៉ុន នាល្ងាចថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារ Le Royal Phnom Penh ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សមាគមអតីតនិស្សិតខ្មែរសិក្សានៅជប៉ុន ក្នុងចូលរួមលើកកម្ពស់វិស័យអប់រំ ការវិនិយោគ និងការងារសង្គម។

ឯកឧត្តម ក៏បានលើកឡើងពីចំណុចសំខាន់ៗចំនួន៣ សម្រាប់ការពង្រឹង កិច្ចសហប្រតិបត្តិការនាពេលអនាគត រួមមាន៖

១). ការពង្រឹងភាពជាដៃគូ និងមិត្តភាពក្នុងចំណោមអតីតនិស្សិតខ្មែរសិក្សានៅជប៉ុន និងរវាង ប្រជាជននិងប្រជាជនតាមរយៈជំរុញការអប់រំ ពង្រីកចំនួនទេសចរណ៍ និងទាក់ទាញបន្ថែមនូវការវិនិយោគ។

២). តួនាទីជប៉ុន កាន់តែសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយជប៉ុនតែងចូលរួមជាមួយកម្ពុជា ឆ្លងកាត់រាល់ការលំបាកនាពេលកន្លងមក។ ឯកឧត្តម ក៏បានលើកឡើងអំពីតួនាទីរបស់ ជប៉ុន ក្នុងការជួយសម្របសម្រួល ឱ្យមានការគោរពសេចក្ដីប្រកាសរួមសន្តិភាពកម្ពុជា-ថៃ និងជួយជ្រោយជ្រែ ដើម្បីឱ្យរដ្ឋាភិបាលថៃ ដោះលែងទាហានកម្ពុជាទាំង ១៨នាក់ ដែលត្រូវបានទាហានថៃចាប់ខ្លួនក្រោយពីការប្រកាសបទឈប់បាញ់។

៣). ការពិគ្រោះយោបល់លើបញ្ហាប្រឈមរបស់ពិភពលោក ឯកឧត្តម ក៏បានស្នើឱ្យមានវេទិកាពិគ្រោះយោបល់ ដែលអាចធ្វើឡើងនៅក្នុងកម្រិតណាមួយ រវាងកម្ពុជា និងជប៉ុន លើបញ្ហាប្រឈមរបស់ពិភពលោក និងកិច្ចការអន្តរជាតិ ដើម្បីលើកកម្ពស់ទំនាក់ទំនងយុទ្ធសាស្ត្រយ៉ាងជាប់លាប់រវាងប្រទេសទាំងពីរ ៕

ដោយ វណ្ណលុក, ប្រភព​៖​ ខុទ្ទកាល័យអនុប្រធាន​ទី២ ព្រឹទ្ធសភា​

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner