ការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាកាតព្វកិច្ចអទិភាព និងចាំបាច់ របស់ធនាគារជាតិនៃកម្ពុជា

ពោធ៌សាត់៖ កម្ចីក្រៅខុសច្បាប់កំពុងតែរាតត្បាតមកលើប្រជាពលរដ្ឋតាមតំបន់មូលដ្ឋាន ។ ដូច្នេះការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន គឺជាកាតព្វកិច្ចអទិភាព និងចាំបាច់ របស់ធនាគារជាតិនៃកម្ពុជា បាន និងកំពុងអនុវត្ត និងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ដើម្បីបញ្រ្ជាបការយល់ដឹងនេះដល់ប្រជាជនតាមមូលដ្ឋាន ដែលជាកាត្តាលីករជួយជំរុញ និងលើកកម្ពស់បិរយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ។

ថ្លែងក្នុងសិក្ខាសាលា ស្តីពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន នៅស្រុកក្រគរ ខេត្តពោធ៌សាត់ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ លោក ឡាយ សុខហេង អគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការប្រកបដោយតម្លាភាព និងក្រមសីលធម៌ បានផ្តល់នូវគុណតម្លៃយ៉ាងសំខាន់សម្រាប់អ្នកប្រើប្រាស់ ។ ទន្ទឹមនេះ ការពង្រីកវិសាលភាពនៃសេវាហិរញ្ញវត្ថុ ការពង្រឹងគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ភាពងាយស្រួល និងរហ័សទាន់ចិត្ត និងកាត់បន្ថយតម្លៃប្រតិបត្តិការ តាមរយៈថ្នាលឌីជីថល គឺបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា ។ ប៉ុន្តែ ថ្នាលឌីជីថល ក៏ប្រៀបបាននឹងអាវុធមុខពីរផងដែរ ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏បានបង្កឱ្យមានហានិភ័យដូចជា៖ ការឆបោកផ្នែកហិរញ្ញវត្ថុតាមប្រព័ន្ធអនឡាញ ការលួចក្លែងបន្លំអត្តសញ្ញាណ កម្ចីអនឡាញ កម្ចីខុសច្បាប់ ដែលមានការប្រាក់ខ្ពស់លើសលប់ ជាដើម ខណៈសព្វថ្ងៃនេះ កម្ចីខុសច្បាប់ បាននិងកំពុងរាតត្បាតនៅកម្ពុជា ដែលនាំឱ្យប្រជាពលរដ្ឋ រងការជំពាក់បំណុលលើសលប់ដោះខ្លួនមិនរួច ដោយសារចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៅមានកម្រិត ។

លោកអគ្គនាយក បន្តថា ធនាគារជាតិនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស កុមារ ស្ត្រី និងប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន។

បន្ថែមពីនេះ លោកអគ្គនាយក បានលើកទឹកចិត្ត និងជំរុញឱ្យគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុទាំងអស់ត្រូវបន្តធានាឱ្យបាននូវការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងក្រមប្រតិបត្តិសម្រាប់វិស័យ និងគោលការណ៍ផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ហើយត្រូវចៀសវាងការស្នើសុំឱ្យអាជ្ញាធរមូលដ្ឋាន ចូលរួមជាមួយបុគ្គលិករបស់ខ្លួនក្នុងដំណើរការប្រមូល ឥណទាន ឬប្រើប្រាស់ឈ្មោះរបស់អាជ្ញាធរ ដើម្បីដាក់សម្ពាធណាមួយដល់អតិថិជន ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២៤ ប្រជាពលរដ្ឋកម្ពុជា ជាង ៥លាននាក់ ប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ ដែលមានទំហំទឹកប្រាក់ ២៣៦លានរៀល ស្មើនឹងប្រមាណ ៥៩ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ស្ថានភាពឥណទាននៅកម្ពុជារបស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC)។ ក្នុងចំណោមសមតុល្យឥណទានដែលមាន ៥៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ គឺមានឥណទានប្រមាណ ៦០ ភាគរយ ត្រូវបានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់ទៅឱ្យប្រជាជននៅរាជធានីខេត្តចំនួន ៣ គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តសៀមរាប ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner