កាកបាទក្រហមកម្ពុជា នាំយកព្រះរាជអំណោយ ព្រះមហាក្សត្រ និងសម្តេចម៉ែ ចែកជូនបងប្អូនប្រជាជនភៀសសឹក៣៦០០គ្រួសារ នៅមណ្ឌលសុវត្ថិភាពចំនួន២ ក្នុងខេត្តឧត្តរមានជ័យ
ព្រះវិហារ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចែកជូនជួយសម្រាលការលំបាកដល់ប្រជានុរាស្ត្រភៀសសឹកចំនួន ៣.៦០០គ្រួសារ នៅមណ្ឌលសុវត្ថិភាពចំនួន២ ក្នុងចំណោមមណ្ឌលសុវត្ថិភាពចំនួន៦ នៃខេត្តឧត្តរមានជ័យ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា៖ បន្ទាប់ពីទទួលបានព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ចែងភ្លាមៗដោយមិនបង្អែបង្អង់ នាំយកព្រះរាជអំណោយផ្តល់ជូនបងប្អូនភៀសសឹកដែលកំពុងជួបការលំបាកនាពេលនេះ។ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅបំផុតពីសំណាក់ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យ ខ្វល់ខ្វាយ គិតគូរជាប់ជានិច្ចពីសុខទុក្ខរបស់ប្រជានុរាស្ត្រគ្រប់ពេលវេលា និងគ្រប់ទីកន្លែង បើទោះបីជាព្រះអង្គទាំងទ្វេមិនបានយាងមកដោយផ្ទាល់ក៏ដោយ ក៏ព្រះអង្គទាំងទ្វេបានចាត់ទុកសុខទុក្ខ និងទុក្ខលំបាករបស់ប្រជានុរាស្ត្រ ជាទុក្ខលំបាករបស់ព្រះអង្គផ្ទាល់ដែរ។ ជាពិសេសព្រះអង្គទាំងទ្វេ តែងតែឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា តាមវីរៈគំរូដ៏ថ្លៃថ្លារបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលតែងតែធ្វើជារៀងដរាបមក ដែលនេះសរបញ្ជាក់អំពីគុណធម៌ និងទសពិធរាជធម៌ដ៏ឧត្តុង្គឧត្តមរបស់អង្គព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ របស់យើង។
ជាមួយគ្នានេះ លោកជំទាវអគ្គលេខាធិការ បានពាំនាំនូវក្តីអាណិតស្រឡាញ់ និងចែករំលែកនូវទុក្ខលំបាកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមឱ្យបងប្អូនគិតគូរថែទាំសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តឱ្យបានល្អ ព្រោះថាពេលនេះបងប្អូនទាំងអស់បានមកដល់ទីកន្លែងមានសុវត្ថិភាពហើយ ម្យ៉ាងវិញទៀតថ្នាក់ដឹកនាំរបស់យើងតែងតែគិតគូរជាប់ជានិច្ច និងនៅរួមសុខរួមទុក្ខជាមួយបងប្អូនជនរួមជាតិទាំងអស់ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ ជាចុងក្រោយ លោកជំទាវ បានបួងសួងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ឆាប់បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ និងប្រកបរបរ បំពេញកិច្ចការងារចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញ។
សូមបញ្ជាក់ថា ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់អង្គព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ផ្តល់ជូនបងប្អូនប្រជារាស្ត្រភៀសសឹក ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។ បន្ថែមពីនេះ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ៤០០ដុល្លារអាម៉េរិក ដើម្បីទិញម៉ូទ័របូមទឹកចំនួន ២គ្រឿង សម្រាប់ប្រើប្រាស់ក្នុងមណ្ឌលសុវត្ថិភាពផងដែរ ៕ ដោយ / គ្រី សម្បត្តិ










