សប្បុរសជននាំយកអំណោយជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រាប់ឧបត្ថម្ភដល់ជនភៀសសឹក
បន្ទាយមានជ័យ៖សប្បុរសជនខេត្តបន្ទាយមានជ័យបាននាំយកគ្រឿងឧបភោគបរិភោគរួមទាំងបន្លែចំនួនបីតោន, ទឹកសុទ្ធ២៥០យួរ ,មី អាហារក្រៀមមួយចំនួនធំមកប្រគល់ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យសម្រាប់យកទៅចែកជូនប្រជាពលរដ្ឋភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានាក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។

ក្នុងពិធីប្រគល់អំណោយនៅរដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ អ្នកស្រី ឡោម ម៉ៅ សប្បុរសជនខេត្តបន្ទាយមានជ័យជាម្ចាស់ជំនួយបានប្រាប់ទូរទស្សន៍អប្សរាថា ការផ្តល់អំណោយនាពេលនេះជាការរួមចំណែក
ជាមួយរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ក្នុងការជួយដល់ពលរដ្ឋភៀសសឹកនិងគាំទ្រដល់វីរកងទ័ពដែលកំពុងបំពេញភារកិច្ចការពារ
ទឹកដីយ៉ាងអង់អាចក្លាហាន។

ក្នុងឱកាសទទួលអំណោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមរដ្ឋបាលខេត្តឯកឧត្តម អភិបាលខេត្តបានថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់នៅពេលនេះដែលមានទឹកចិត្តដ៏ល្អប្រពៃក្នុងការផ្តល់ជាស្បៀងសម្រាប់ជាការរួមចំណែកជាមួយរដ្ឋបាលខេត្តសម្រាប់ជួយប្រជាពលរដ្ឋភៀសសឹកដោយសារការឈ្លានពានរបស់យោធាថៃ។

សូមជម្រាបថា តាមរបាយការណ៍ក្រសួងមហាផ្ទៃគិតពីម៉ោង៦ល្ងាច ថ្ងៃទី១១ ខែធ្នូរហូតដល់ម៉ោង៧ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ខេត្តបន្ទាយមានជ័យ មានជនភៀសសឹកកើនដល់៣៦.១៣០គ្រួសារ ស្មើនឹងមនុស្សចំនួន១២៤.៣០៥នាក់៕
ដោយ៖ឃិន គន្ធា

