គម្រោងអភិវឌ្ឍន៍សុខភាពសិក្សាសម្រាប់កុមារកម្ពុជាដំណាក់កាលទី ១ (២០២០-២០២៥) បញ្ចប់ដោយជោគជ័យ
ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍សុខភាពសិក្សាសម្រាប់កុមារកម្ពុជារបស់សាកលវិទ្យាល័យ តូក្យូ ហ្គាគឺហ្គេ នៃប្រទេសជប៉ុន ដំណាក់កាលទី ១ (២០២០-២០២៥) បានបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ដែលពិធិនេះរៀបចំឡើងនៅសណ្ឋាគារ ណូវ៉ូថែល បឹងកេងកង១ រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថ្លែងអំណរគុណដល់មូលនិធិនីបប៉ុន សាស្តាចារ្យប្រធានគម្រោង និងភាគីពាក់ព័ន្ធទាំងអស់ដែលបានសម្រេចបាននូវគម្រោងនេះ ដែលបានជួយលើកកម្ពស់សុខភាពកុមារ និងលទ្ធផលសិក្សាឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។ ឯកឧត្តមបណ្ឌិតបន្តថា គម្រោងអភិវឌ្ឍន៍សុខភាពសិក្សាសម្រាប់កុមារកម្ពុជា (SHCC) ដឹកនាំដោយសាកលវិទ្យាល័យ តូក្យូ ហ្គាគឺហ្គេ នៃប្រទេសជប៉ុន ក្រោមកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធរួមមាន នាយកដ្ឋានសុខភាពសិក្សា វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា និងការគាំទ្រដ៏ថ្លៃថ្លារបស់មូលនិធិនីបប៉ុន បានអនុវត្ត និងបញ្ចប់ដោយភាពជោគជ័យ។

ឯកឧត្តមបណ្ឌិតបន្ថែមថា គម្រោងនេះរៀបចំឡើងក្នុងគោលបំណងធំៗមួយចំនួនមានដូចជាការគាំទ្រដល់ការអភិវឌ្ឍន៍វគ្គសិក្សាសុខភាពសិក្សា និងមុខវិជ្ជាសិក្សានៅគ្រឹះស្ថានឧត្តមសិក្សារួមមាន វិទ្យាស្ថានគរុកោសល្យ និងសាលាគរុកោសល្យ និងវិក្រឹត្យការ។ ការផ្តល់ការបណ្តុះបណ្តាលសុខភាពសិក្សាដល់គ្រូនៅមូលដ្ឋាន បឋមសិក្សា និងមធ្យមសិក្សា និងការលើកកម្ពស់សកម្មភាពសុខភាពសិក្សា។ ការប្រមូលទិន្នន័យ និងការតាមដានដំណើរការសិក្សា និងការស្រាវជ្រាវតាមភាពចាំបាច់ ដើម្បីបង្កើតសៀវភៅសិក្សាគោល និង ការផ្តល់ក្នុងបណ្តុះបណ្តាលសុខភាពសិក្សាដល់គ្រូឧទ្ទេស។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញចក្ខុវិស័យក្នុងការប្រែក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ តាមរយៈការកំណត់សំណុំយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ផលិតភាពការងារខ្ពស់ និងសុខភាពរឹងមាំ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ទៀតថា ក្នុងបរិបទនេះ ការលើកកម្ពស់សុខភាពសិក្សា គឺជាកត្តាដ៏សំខាន់ និងមិនអាចខ្វះបានក្នុងការចូលរួមចំណែកដល់ការធានាបាននូវការសិក្សារបស់សិស្ស ប្រកបដោយគុណភាព និងបង្កើនអត្រាបញ្ចប់ការសិក្សារបស់ពួកគេ ដើម្បីឈានទៅដល់ការសម្រេចគោលដៅនៃការអប់រំ និងចក្ខុវិស័យរបស់ជាតិ។ សុខភាព គឺជាកត្តាស្នូលក្នុងការកំណត់ការសិក្សារបស់សិស្ស និងជាមូលដ្ឋានសម្រាប់ ការអភិវឌ្ឍសង្គមជាតិ ប្រកបដោយចីរភាព។ ដោយមើលឃើញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងសុខភាព និងការអប់រំ ការដាក់បញ្ចូលមុខវិជ្ជាសុខភាពសិក្សា ទៅក្នុងកម្មវិធីអប់រំគ្រូ បង្រៀន គឺជាជំហានដ៏សំខាន់ក្នុងការអប់រំគរុនិស្សិត ដែលអនាគតនឹងក្លាយជាគ្រូបង្រៀន ឱ្យទទួលបាននូវវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ដែលចាំបាច់ក្នុងការជំរុញ សុខុមាលភាពរបស់សិស្សនៅក្នុងថ្នាក់រៀន និងសហគមន៍ឱ្យល្អប្រសើរ។

សាស្រ្តាចារ្យបណ្ឌិត អាសាគឹរ៉ា តាកាស៊ី ប្រធានគម្រោងអភិវឌ្ឍន៍សុខភាពសិក្សាសម្រាប់កុមារកម្ពុជា បានមានប្រសាសន៍ថា គម្រោង SHCC បានចាប់ផ្តើមនៅក្នុងអំឡុងពេលត្រៀមរៀបចំក្នុងឆ្នាំ ២០១៩ និងបានបន្តរហូតដល់ខែធ្នូ ឆ្នាំ ២០២៥ ដែលមានរយៈពេលជិត ៧ ឆ្នាំ។ លោកសាស្រ្តាចារ្យបណ្ឌិតបន្តថា នៅក្នុងការអប់រំសុខភាព វិទ្យស្ថានគរុកោសល្យដើរតួនាទីស្នូលយ៉ាងសំខាន់៖ សាលាគរុកោសល្យផ្ដល់សំណើគោលនយោបាយទៅកាន់រាជរដ្ឋាភិបាល ហើយជាមួយគ្នាក៏បញ្ជូនគ្រូបង្រៀនដែលបានបណ្តុះបណ្តាលរួចទៅកាន់សាលារៀននៅតាមមូលដ្ឋាន ដើម្បីលើកកម្ពស់សុខភាពកុមារ និងសហគមន៍។ ការពង្រឹង “ស្រទាប់កណ្តាល” នេះ គឺជាគន្លឹះក្នុងការកែលម្អសុខុមាលភាពរបស់ប្រជាជន និងសង្គមកម្ពុជា។ នេះហើយជាមូលហេតុដែលគណៈគ្រប់គ្រងនៃ PTEC និង BTEC ព្រមទាំងគ្រូឧទ្ទេសសុខភាពសិក្សានៃគម្រោង SHCC គឺជាដៃគូដ៏សំខាន់បំផុតសម្រាប់យើង។

សាស្រ្តាចារ្យបណ្ឌិតបន្ថែមថា ឆ្នាំ ២០២៦ ទៅ ដំណាក់កាលទី ២ នឹងចាប់ផ្តើមក្រោមស្ថាប័នថ្មីមួយគឺ អង្គការ School Health Training and Ecohealth Promotion Foundation ដែលនឹងបន្តសកម្មភាពរបស់គម្រោង SHCC ដោយមានការគាំទ្រពី មូលនិធិនីបប៉ុន។ គោលដៅចុងក្រោយនៃដំណាក់កាលទី ២ គឺបង្កើត «វគ្គឯកទេសសុខភាពសិក្សា» នៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូកម្រិតមធ្យមសិក្សាបឋមភូមិនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង។ ការងារនេះគឺមានសារៈសំខាន់ណាស់ ព្រោះអនាគតរបស់ប្រទេសជាតិ អាស្រ័យលើកុមារដែលមានសុខភាពល្អ ហើយដើម្បីសម្រេចបាននូវចំណុចនេះ កម្ពុជាត្រូវការគ្រូបង្រៀនដែលមានសមត្ថភាពក្នុងការផ្តល់ការអប់រំសុខភាពសិក្សាយ៉ាងទូលំទូលាយ។ បន្ថែមពីនេះ យើងនឹងគាំទ្រដល់ការដាក់បញ្ចូលសុខភាពសិក្សា នៅក្នុងសាលាគរុកោសល្យដែលទើបបង្កើតថ្មី ពង្រឹងកម្មវិធីចុះកម្មសិក្សានៅសាលាអនុវត្តន៍ និងបន្តផ្តល់ការបណ្តុះបណ្តាលដល់គ្រូឧទ្ទេស។ គោលដៅទាំងនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការពី ក្រសួងអប់រំ យុវជន និងកីឡា៕













