ឯកឧត្តម ហ៊ុន ម៉ានី៖ «ពួកយើងមិនទៅណាចោលបងប្អូននោះទេ គឺពួកយើងនឹងនៅបន្តរួបរួមគ្នាជាធ្លុងមួយដើម្បីឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា»
នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងក្រុមការងារបាននាំយកជំនួយពីសប្បរសជន ដែលបានកៀរគររួមគ្នាក្រោមការរៀបចំរបស់ស.ស.យ.ក. និងមូលនិធីម៉ានី ទៅប្រគល់ជូនដល់ក្រុមគ្រួសារជនភៀសសឹកចំនួន៥៩៤គ្រួសារ ដែលកំពុងស្នាក់នៅតំបន់សុវត្ថិភាព ក្នុងខេត្តសៀមរាប។ សម្ភារៈ រួមមាន៖ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគនានា និងថវិកាទាំងអស់នេះសុទ្ធសឹងជារបស់របរចាំបាច់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនដែលកំពុងជួបប្រទះការលំបាកពីការរត់គេចពីសង្រ្គាម។
ជាមួយនឹងការពាំនាំការសាកសួរសុខទុក្ខពីសំណក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឯកឧត្តមបានអំពាវនាវសូមឱ្យបងប្អូនបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានការណ៍ ដើម្បីយើងអាចត្រឡប់ទៅប្រក្រតីភាពកាន់តែឆាប់រហ័ស។ ជាមួយគ្នានេះ ឯកឧត្តមបានបន្តថា ប្រជាជននៅសមរភូមិក្រោយ ដែលក្នុងនោះមាន ក្រុមគ្រួសារ ស.ស.យ.ក. មិនទៅណាចោលបងប្អូននោះទេ គឺពួកយើងនឹងនៅបន្តរួបរួមគ្នាជាធ្លុងមួយដើម្បីឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា៕
រូបភាព៖សសយក






