ប្រជាជនកាណាដាគាំទ្រទិញយន្តហោះចម្បាំង Gripen របស់ស៊ុយអែត
អូតាវ៉ា ៖ ប្រជាជនកាណាដាជាច្រើន បានបង្ហាញការគាំទ្រក្នុងការបញ្ជាទិញយន្តហោះចម្បាំង JAS 39 Gripen របស់ស៊ុយអែត ជំនួសឱ្យការបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35A Lightning II របស់អាមេរិក ។
បើតាមប្រភពពី Defense Post, យន្តហោះចម្បាំង JAS 39 Gripen របស់ស៊ុយអែត មានតម្លៃចាប់ពី ៦០ទៅ៨៥លានដុល្លារក្នុងមួយគ្រឿង ខណៈយន្តហោះចម្បាំងបំបាំងកាយ F-35A Lightning II របស់អាមេរិក មានតម្លៃចាប់ពី ១០០ទៅ១២០លានដុល្លារក្នុងមួយគ្រឿង ។
យោងតាមទិន្នន័យពីការស្ទង់មតិ EKOS ថ្មីៗនេះ បានឱ្យដឹងថា ក្នុងចំណោមប្រជាជនកាណាដាមានតែ ១៣%ប៉ុណ្ណោះ ដែលគាំទ្រការបន្តបញ្ជាទិញយន្តហោះ F-35A ខណៈដែល ៤៣%ទៀតបានគាំទ្រការផ្លាស់ប្តូរទៅបញ្ជាទិញយន្តហោះ JAS 39 Gripen សម្រាប់ការបញ្ជាទិញយន្តហោះចម្បាំងយកនាពេលអនាគត ។ រីឯ ២៩% ទៀត គាំទ្រការបញ្ជាទិញទាំងយន្តហោះចម្បាំងអាមេរិក និងស៊ុយអែត ។
ប្រជាជនកាណាដាភាគច្រើនគាំទ្រការបញ្ជាទិញយន្តហោះចម្បាំង Gripen នាពេលអនាគត ជាជាងការបន្តចរចាបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ F-35A ។ ហើយការស្ទង់មតិនេះ ធ្វើឡើងបន្ទាប់ពីកាណាដាបានចុះកិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះ F-35A ចំនួន ១៦គ្រឿងពីអាមេរិក ។
ប៉ុន្តែផ្អែកតាមការស្ទង់មតិចុងក្រោយនេះបង្ហាញថា យន្តហោះ Gripen របស់ស៊ុយអែត ហាក់មានប្រជាប្រិយភាពខ្លាំងជាងយន្តហោះចម្បាំងបំបាំងកាយ Lightning II នៅទូទាំងតំបន់ និងខេត្តទាំងអស់នៃប្រទេសកាណាដា ។
ទោះបីជាយ៉ាងណា ប្រមុខដឹកនាំយោធាកាណាដានៅតែបន្តគាំទ្រការបញ្ជាទិញយន្តហោះចម្បាំង F-35 ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់យន្តហោះចម្បាំងជំនាន់ទី ៥ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីប្រទេសចិន និងរុស្ស៊ី ៕
ប្រភព ៖ militarnyi ប្រែសម្រួល ៖ ឈឹម ទីណា